(ភ្នំពេញ)៖ យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ផ្ទះដែលសម្តេចតេជោ ហ៊ុន សែន សាងសង់ជូនឱពុកធម៌សម្តេចអាយុ ៨៩ ឆ្នាំ សម្រេចបាន ៧០%ហើយ។ ក្នុង Page សម្តេចតេជោ បានបន្តថា ផ្ទះនេះបានសាងសង់ពីដើម ខែកក្កដា និងបញ្ចប់រួចរាល់នៅដើមខែសីហា ឆ្នាំ២០១៦ខាងមុខនេះ ដែលមានប្រវែង ៨ x១២ ម៉ែត បន្ទប់ធំមួយ មានអាងទឹក បន្ទប់ទឹកក្នុងនិងតទៅក្រោយ មួយទៀត ព្រមទាំងមានខឿន សងខាងផ្ទះផងដែរ។ផ្ទះនេះគឺស្ថិតនៅ ភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន។
Facebook Page បានបញ្ជាក់ថា «យើងទាំងអស់គ្នាប្រាកដជាចាំបានថា លោកតាធាក់ស៊ីក្លូអាយុ ៨៩ ឆ្នាំម្នាក់នេះបានតស៊ូធាក់ស៊ីក្លូដើម្បីជីវិត រស់នៅចុងក្រោយរបស់លោកតាផង និងដើម្បីចៅប្រុសផង ទោះបីមានវ័យចំណាស់ដល់ថ្នាក់ នេះក៏ដោយ។ ដោយសារការតស៊ូអំណត់ព្យាយាមខិតខំជួយ ខ្លួនឯង ទើបលោកតាត្រូវបានទទួលការ អាណិតពី បងប្អូនប្រជាពលរដ្ឋ ជាពិសេសទទួលបានក្តីស្រឡាញ់និងសណ្តោសពីសម្តេចតេជោ។
នេះជាផ្ទះរបស់ លោកតា ពុត សឿន អាយុ៨៩ ឆ្នាំ ដែលលោកតាប្រាថ្នាចង់បានផ្ទះរស់នៅសម្រាប់ជីវិត ចុងក្រោយ។ កំពុងសាងសង់សំរេចបានប្រមាណជា ៧០%ហើយ។ ផ្ទះនេះបានសាងសង់ពីដើមខែកក្កដា និងបញ្ចប់រួចរាល់នៅដើមខែ សីហា ២០១៦ ខាងមុខនេះ ដែលមានប្រវែង ៨ x១២ ម៉ែត បន្ទប់ធំមួយ មានអាងទឹក បន្ទប់ទឹកក្នុង និងតទៅក្រោយមួយទៀត ព្រមទាំងមានខឿន សងខាងផ្ទះផងដែរ«។
សម្តេចតេជោ ហ៊ុន សែន ក៏បាន អរគុណជនរួមជាតិដែលបានចូលរួមចំណែក និងសូមជូនពរលោកតា ពុត សឿន បានរស់នៅក្នុង ផ្ទះថ្មីសុខសប្បាយ និងជួបប្រទះតែសេចក្តីសុខគ្រប់ៗពេល។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបលោកតា ពុត សឿន ហើយបានទទួលយក រូបគាត់ធ្វើជាឪពុកធម៌ និងធានាចិញ្ចឹមរូបគាត់ពេញមួយជីវិត។ ក្នុងការធានាចិញ្ចឹមនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាប្រចាំខែចំនួន៥០ម៉ឺន រៀល និងអង្ករ៥០គីឡូក្រាម រួមទាំងធានានូវការព្យាបាលជំងឺ ជូនជាប្រចាំនៅពេលដែល លោកតាមានបញ្ហាសុខភាពជាដើម៕