(ភ្នំពេញ)៖ អតីតសកម្មជនក្រុមប្រឆាំង លោកបណ្ឌិត សូ ណារ៉ូ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានកំពុងធ្វើដំណើរមកប្រទេសកម្ពុជាវិញ បន្ទាប់ពីចាកចោលស្រុក អស់រយៈពេល១១ឆ្នាំ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រលានយន្តហោះ លោកបណ្ឌិត សូ ណារ៉ូ បានបង្ហាញការនឹករលឹកដល់មាតុភូមិ ដោយលើកឡើងដូច្នេះថា៖«នឹកស្រុកខ្មែរណាស់បែក១១ឆ្នាំកន្លងមកហើយ។ ពេលនេះសុបិន្តជិតក្លាយជាការពិតហើយ។ ជួបគ្នានៅភ្នំពេញប្រិយមិត្តជិតឆ្ងាយ។ អរគុណសន្តិភាព»។
លោក សូ ណារ៉ូ នឹងធ្វើដំណើរមាតុភូមិនិវត្តន៍មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះវេលាម៉ោង១រសៀល ហើយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល លោក សូ ណារ៉ូ នឹងធ្វើសន្និសីទសារព័ត៌មានមួយនៅវិមានសន្ដិភាព។
លោក សូ ណារ៉ូ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។
បន្ទាប់ពីមានការតែងតាំងនេះ លោកបណ្ឌិត សូ ណារ៉ូ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបង្ហាញសមិទ្ធផល និងស្នាដៃធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ដែលនាំមកនូវភាពរុងរឿងសម្រាប់ជាតិ និងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ។ ស្នាដៃដ៏អស្ចារ្យទៀតនោះ ការរៀបចំព្រឹត្តិការណ៍កម្រិតតំបន់ និងអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេមជាដើម នាំឱ្យកិត្តិស័ព្ទជាតិល្បីខ្ទរខ្ទារជាមោទនភាពសម្រាប់ជាតិ និងប្រជាជន។
ក្នុងសេចក្តីថ្លែងការណ៍នេះ លោក សូ ណារ៉ូ បានឆ្លៀតវាយប្រហារលើភាពកម្សោយនៃការដឹកនាំ និងការធ្វើនយោបាយរបស់បក្សប្រឆាំង ដែលដឹកនាំដោយជនក្បត់ជាតិ សម រង្ស៉ី ផងដែរ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ សកម្មជនសំខាន់ៗជាច្រើនរបស់ក្រុមប្រឆាំង បានប្រកាសផ្តាច់ខ្លួន ហើយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕