(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីធ្វើបទបង្ហាញ ស្តីពី «ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ និងការដោះស្រាយបណ្តឹង ក្រោយពេលបោះឆ្នោតជាសាកលជ្រើសតាំងតំណាងរាស្ត្រ» ដល់និស្សិតនៃសាកលវិទ្យាល័យកម្ពុជាប្រមាណ ៦០រូប។

កម្មវិធីនេះត្រូវបានធ្វើឡើងនៅលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដឹកនាំដោយលោក តាំង រតនា អគ្គលេខាធិការ នៃក្រុមប្រឹក្សាធម្មនុញ្ញ ខណៈភាគីខាងសាកលវិទ្យាល័យកម្ពុជា ដឹកនាំដោយលោកស្រី ព្រំម កល្យាណ សាស្ត្រាចារ្យច្បាប់ នៃសាកលវិទ្យាល័យកម្ពុជា។

ពាក់ព័ន្ធនឹងការពិនិត្យធម្មនុញ្ញភាព លោក តាំង រតនា បានថ្លែងពីប្រវត្តិដែលកើតឡើងដំបូងនៅសហរដ្ឋអាមេរិក។ លោកបានលើកឡើង ពីរឿង Midnight Judges ដ៏ល្បីល្បាញ នៅសហរដ្ឋអាមេរិក។

ទោះជារឿងនេះល្បីនៅអាមេរិកក៏ដោយ ក៏សព្វថ្ងៃនេះ អាមេរិក និងប្រទេសប្រកាន់ប្រព័ន្ធច្បាប់ Common Law ឲ្យសិទ្ធិទៅតុលាការកំពូល មានសមត្ថកិច្ចពិនិត្យពីធម្មនុញ្ញភាព ខណៈប្រទេសប្រកាន់ប្រព័ន្ធច្បាប់ Civil Law ជាពិសេសប្រទេសទទួលឥទ្ធិពលពីបារាំងដូចកម្ពុជា បង្កើតអង្គការមួយ ហៅថា ក្រុមប្រឹក្សាធម្មនុញ្ញ ឬតុលាការធម្មនុញ្ញ ដើម្បីពិនិត្យពីធម្មនុញ្ញភាព។

បើតាម លោក តាំង រតនា សម្រាប់កម្ពុជា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៧ មិនទាន់បង្កើតក្រុមប្រឹក្សាធម្មនុញ្ញ នោះទេ។ លោកបានលើកឡើងចំណុចខ្លះពីរដ្ឋធម្មនុញ្ញ មកបញ្ជាក់ថា ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានបង្កើតដោយរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ មានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។

ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា តំណាងរាស្ត្រចំនួនមួយភាគដប់ ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួនអាចបញ្ជូនច្បាប់ដែលរដ្ឋសភាបាន អនុម័តទៅឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ មុននឹងច្បាប់នោះត្រូវប្រកាសឱ្យប្រើ។

ក្រោយពីច្បាប់ណាមួយ ត្រូវបានប្រកាសឱ្យប្រើ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី សមាជិកព្រឹទ្ធសភា ចំនួនមួយភាគបួន តំណាងរាស្ត្រចំនួនមួយភាគដប់ ឬតុលាការ អាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យអំពីធម្មនុញ្ញភាពនៃច្បាប់ នោះ។

ប្រជារាស្ត្រមានសិទ្ធិប្ដឹងអំពីធម្មនុញ្ញភាពនៃច្បាប់បាន តាមរយៈតំណាងរាស្ត្រ ឬ ប្រធានរដ្ឋសភា ឬសមាជិកព្រឹទ្ធសភា ឬប្រធានព្រឹទ្ធសភាដូចមានចែងក្នុងវាក្យខ័ណ្ឌខាងលើ។

សូមជម្រាបថា ផ្អែកលើផែនការអភិវឌ្ឍន៍កម្មវិធីសិក្សានៅមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យកម្ពុជា ក្នុងបំណងផ្ដល់ឱកាសជូននិស្សិតអោយបានធ្វើទស្សនកិច្ចសិក្សា ដោយផ្ទាល់នៅតាមបណ្តាក្រសួង ស្ថាប័នរដ្ឋ និងឯកជននានា ដើម្បីស្វែងយល់ រៀនសូត្រ និងទទួលបាននូវចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងវិស័យច្បាប់ នៅក្នុងវគ្គសិក្សាទី២ នៃឆ្នាំសិក្សា២០២២-២០២៣នេះ មហាវិទ្យាល័យច្បាប់បានរៀបចំកម្មវិធីសិក្សាបន្ថែម ដោយតម្រូវឱ្យមានទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញ ដែលដឹកនាំដោយ អ្នកស្រី ព្រំម កល្យាណ សាស្ត្រាចារ្យនៃមហាវិទ្យាល័យច្បាប់ និងនិស្សិត ចំនួន៦០នាក់៕