(បាត់ដំបង)៖ យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ ត្រូវបានបិទបញ្ចប់ នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ដែលជាខេត្តគោលដៅចុងក្រោយគេ ក្នុងចំណោខេត្តទាំង៦ នៃជួរភ្នំក្រវាញ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រធានយុទ្ធនាការអន្ទាក់សូន្យ និងអង្គការដៃគូ បានប្រកាសមិនរួញរា ក្នុងការបន្តយុទ្ធនាការអន្ទាក់សូន្យ ទោះយុទ្ធនាការអន្ទាក់សូន្យលើកទី២នេះ បានបញ្ចប់ក៏ដោយ។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបរិស្ថាន ខេត្តបាត់ដំបង នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។
លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា៖ «យុទ្ធនាការអន្ទាក់សូន្យលើកទី២ ត្រូវបិទបញ្ចប់នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រឹមខេត្តបាត់ដំបង ប៉ុន្តែយុទ្ធនាការនៃការប្រយុទ្ធនឹងការដាក់អន្ទាក់ និងការបរិភោគសាច់សត្វព្រៃ នៅតែបន្តដោយគ្មានការរួញរា»។
ប្រធានយុទ្ធនាការអន្ទាក់សូន្យរូបនេះ បានបន្ថែមថា ក្រសួងបរិស្ថាននឹងបន្តដឹកនាំស្វែងរកវិធីសាស្ត្រ និងយុទ្ធសាស្ត្រផ្សេងទៀត ដើម្បីជំរុញឱ្យមានការយល់ដឹងពីសារៈសំខាន់នៃការថែ រក្សាព្រៃឈើ និងសត្វព្រៃ ពិសេសយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់នៃការ បរិភោគសាច់សត្វព្រៃ។ អ្វីដែលក្រសួងបរិស្ថាន និងអង្គការដៃគូចង់បានបំផុតពី យុទ្ធនាការនេះ គឺប្រជាពលរដ្ឋមានការយល់ដឹង ពីការពារសត្វព្រៃ និងព្រៃឈើ សំដៅឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់ការចរាចរ និងទទួលទានសាច់សត្វ និងបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ។
ដោយឡែកបើតាម លោក សេង ទៀក នាយកអង្គការ WWF ប្រចាំកម្ពុជា និងជាលេខានៃលេខាធិការដ្ឋានៃយុទ្ធនាការអន្ទាក់សូន្យ បានថ្លែងថា អង្គការសង្គមស៊ីវិល ដែលជាដៃគូរបស់ក្រសួងបរិស្ថាន ប្តេជ្ញាបន្តពិនិត្យ តាមដាន និងឃ្លាំមើលចំពោះ ការអនុវត្តវិធានការច្បាប់ និងទប់ស្កាត់ការដាក់អន្ទាក់ និងចរាចរលក់សាច់សត្វព្រៃទៅតាមទីផ្សារនានា ជិតតំបន់ការពារធម្មជាតិ។ ដើម្បីធានាថាអន្ទាក់មានចំនួនសូន្យនៅក្នុងព្រៃ និងតំបន់ការពារធម្មជាតិ អង្គការដៃគូនឹងបន្តពិភាក្សា រិះរកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ក្នុងការអនុវត្តគម្រោងបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានបង្កើតចំណូលថ្មីដល់ពលរដ្ឋសំដៅកាត់បន្ថយការដាក់សម្ពាធដល់ធនធានធម្មជាតិ។
លោកបានបញ្ជាក់ថា៖ «កម្ពុជាយើងបានចូលរួមដោះស្រាយវិបត្តិអន្ទាក់មុនគេ ខណៈបណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោកកំពុងចង់រៀនសូត្រអំពី តើយើងធ្វើការយ៉ាងណាម៉េចទៅរវាងអង្គការសង្គមស៊ីវិល និងស្ថាប័នរដ្ឋ ធ្វើយុទ្ធនាការអន្ទាក់សូន្យ។ បន្ទាប់ពីបញ្ចប់នូវយុទ្ធនាការ អន្ទាក់សូន្យលើកទី២រួចហើយ សង្គមស៊ីវិលដែលធ្វើការជាមួយរដ្ឋាភិបាល នឹងធ្វើការពិភាក្សាគ្នាឱ្យបានល្អិតល្អន់ដើម្បីធ្វើយុទ្ធនាការអន្ទាក់សូន្យលើកទី៣បន្តទៀត»។
ចំពោះយុទ្ធនាការអន្ទាក់សូន្យនេះដែរ លោក សេង ទៀក បានយល់ថាវិធានការអប់រំ ផ្សព្វផ្សាយអំពីការសម្លាប់សត្វព្រៃគួរតែបន្ត ហើយវិធានការមួយទៀត គឺជំរុញឱ្យមានការបង្កើត សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋនេះក៏មានសារៈសំខាន់ដែរក្នុងការកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ធនធានធម្មជាតិ។ វិធានការអនុវត្តន៍ច្បាប់ក៏ជាវិធានការមួយសំខាន់ណាស់ក្នុងការទប់ស្កាត់ការចាប់សម្លាប់សត្វព្រៃនៅក្នុងប្រទេសកម្ពុជា។ ការពន្លឿនការដោះស្រាយសំណុំរឿងនៅក្នុងដៃតុលាការទាក់ទងសត្វព្រៃ និងព្រៃឈើ។
សូមជម្រាបថា យុទ្ធនាការអន្ទាក់សូន្យរយៈពេលជិត២ឆ្នាំមកនេះ ទទួលបាន លទ្ធផលយ៉ាងល្អ ដោយប្រជាពលរដ្ឋ មានការយល់ដឹងច្រើនជាងមុន ខណៈចំនួនអន្ទាក់នៅក្នុងព្រៃ និងតំបន់ការពារ មានការថយចុះ។ យុទ្ធនាការអន្ទាក់សូន្យទាំងពីរលើកបានអនុវត្តនៅខេត្តចំនួន១២ នៅភាគឥសាន្ត ភាពពាយ័ព្យ នៃប្រទេសកម្ពិជា ដែលមានផ្ទៃដីសរុបជាង៧០ភាគរយ នៃតំបន់ការពារជាង៧,៣លានហិកតា គ្រប់គ្រងដោយក្រសួងបរិស្ថាន។
តាមរយៈយុទ្ធនាការអន្ទាក់សូន្យទាំងពីរលើក មានអាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ ចំនួន១០៣ទីតាំងហើយ ដែលបានប្តេជ្ញាមិនលក់សាច់សត្វព្រៃនៅក្នុងសេវាកម្មម្ហូបអាហាររបស់ខ្លួន៕