(កំពត)៖ ឧត្តមសេនី៍យ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងបែបនេះ ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនបត្រសិក្សាជូនសិក្ខាកាមក្នុងបណ្តុះបណ្តាល ស្តីពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀនក្នុងវិស័យគ្រីស្ទសាសនា​ នាល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

លោក ង៉ែត សារ៉ាន់ ប្រធានសាខាបណ្តាញគ្រីស្ទបរិស័ទកម្ពុជា សាខាខេត្តកំពត បានរាយការណ៍លទ្ធផលនៃវគ្គបណ្តុះបណ្តាលថា សិក្ខាកាមទទួលបានចំណេះដឹងបន្ថែមទៀតលើ ៖ អត្តសញ្ញាណនៃគ្រឿងញៀន ផលប៉ះពាល់នៃគ្រឿងញៀន ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ពីការបង្ការខ្លួនឯង និងក្រុមគ្រួសារនិងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក បេន សុភីម៉ា អភិបាលរងស្រុកឈូក បានមានចំណាប់អារម្មណ៍ ហើយលោកចាត់ទុកថាការចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់គ្រីស្ទបរិស័ទពិតជាសំខាន់ណាស់។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានកោតសសើរដល់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលទាំងអស់ដែលបានខិតខំត្រង់ត្រាប់ស្តាប់ និងចែករំលែកបទពិសោធន៍ពីវាគ្មិនជំនាញ ឧត្តមសេនីយត្រី យិន យឿត តាមរយៈករណីសិក្សា និងការចោទសំណួរយ៉ាងផុលផុស។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ទ្រឹស្តីព្រះយេស៊ូវគ្រីស្ទ ការស្រឡាញ់អ្នកដ៏ទែឱ្យដូចស្រឡាញ់ខ្លួនឯង គឺពិតជាអាចជំរុញ ឲ្យគ្រឺស្ទបរិស័ទ បណ្តុះបាននូវផ្នត់គំនិតថ្មី បន្ថែមទៀតក្នុងស្រឡាញ់សហគមន៍ ការពារសហគមន៍ ចូលរួមជួយសហគមន៍ ឲ្យមានសុវត្ថិភាពពីគ្រឿងញៀន និងបន្តការអភិវឌ្ឍរីកចម្រើនទៅមុខ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបន្តថា ការចូលរួមពុកម៉ែ បងប្អូន គ្រីស្ទបរិស័ទ គឺជាកម្លាំងដ៏សំខាន់មួយថ្មីទៀត អាចជួយបង្ការទប់ស្កាត់បាននូវការរីករាលបញ្ហាគ្រឿងញៀន ក្នុងសហគមន៍ ។ ទីកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀនដោយមិនគិតថ្លៃ តាមមូលដ្ឋានសុខាភិបាលនៅខេត្តកំពតមាននៅពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពចំនួន១៤កន្លែង៕