(ព្រះវិហារ)៖ អគាសម្ភព១ខ្នង ស្ថិតក្នុងបរិវេណមណ្ឌុលសុខភាពរណសិរ្យ ក្នុងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលជាអំណោយដ៍ថ្លៃថ្លារបស់លោកទេសរដ្ឋមន្ត្រី មាស សុភា និងភរិយា ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាម មន្ទីរ អង្គភាព ជុំវិញខេត្ត ជាច្រើនរូបទៀត។

បើតាមលោក សំ លាងទ្រី ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី បានថ្លែងប្រាប់ឲ្យដឹងថា អគារសម្ភព១ខ្នងដែលរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់នៅពេលនេះ មានទំហ៊ំ៥ម៉ែត្រគុណ១០ម៉ែត្រ ចំណាយថវិកាប្រមាណ២ម៉ឺនដុល្លា ជាអំណោយដ៍ថ្លៃថ្លារបស់លោកទេសរដ្ឋមន្ត្រី មាស សុភា និងភរិយា ហើយអគារនេះគ្រោងនឹងបញ្ចប់ការសាងសង់ប្រហែលរយៈពេល៣ខែទៀត។

លោក សំ លាងទ្រី ក៏បានថ្លែងប្រាប់ផងដែរថា ក្រោយអគារសម្ភពនេះសាងសង់រួច លោកទេសរដ្ឋមន្ត្រី មាស សុភា បានចាត់ចែងឲ្យមន្ទីរសុខាភិបាលខេត្តព្រះវិហារ ចុះពិនិត្យ ដើម្បីរៀបចំបំពាក់ឧបករណ៍ បម្រើឲ្យការងារនៅក្នុងអគារសម្ភពនេះ ដំណើរការដោយរលូន ហើយចំពោះឧកបរណ៍និងសម្ភរដែលបំពាក់នៅក្នុងអគារសម្ភពនេះ គឺលោកទេសរដ្ឋមន្ត្រីជាអ្នកចាត់ចែងបញ្ជូនមកដោយផ្ទាល់ទាំងអស់។

ក្នុងនាមប្រជាពលរដ្ឋស្រុកសង្គមថ្មី ពិសេសប្រជាពលរដ្ឋឃុំរណសិរ្យ លោក សំ លាងទ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា និងភរិយា ដែលបានចំណាយធនធានផ្ទាល់ខ្លួនជួយកសាងនូវអគារសម្ភពនេះឡើងប្រយោជន៍បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅទីនេះ។

លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋយើង ពេលដែលអគារនេះសាងសង់រួច សូមចូលរួមថែរក្សាទាំងអស់គ្នា ប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង៕