(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត និងជាប្រធានក្រុមការងារចុះមូលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានលើកឡើងថា នារីគឺជាកម្លាំងស្នូលនៃការរួមចំណែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍នៅស្រុកកំពង់ស្វាយប្រមាណ១៦០នាក់ នៅរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ ២០២៣ ។

លោកស្រី ឃួន ឃុនឌី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងការនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ជូនដល់សមាជិកសមាជិកាទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ និងបានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមកដោយទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។

លោកស្រីបានលើកទឹកចិត្តដល់ស្រ្តីដែលកំពុងបំរើការងារ ក្នុងគោលបំណងអភិវឌ្ឍន៍លើកម្ពស់សម្ថភាពនៅក្នុងស្ថាប័ន ក៏ដូចជាធ្វើយ៉ាងណាឲ្យក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អដើម្បីទទួលបានសន្តិភាពនិងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិពិសេសស្ត្រីត្រូវបង្កើនភាពអង់អាចដល់ស្រ្តីដែលជាកត្តារួមចំណែកធ្វើអោយមានសន្តិភាព សន្តិសុខ និងវឌ្ឍនភាពយូអង្វែងរបស់សង្គមជាតិ ។

លោកស្រីបានប្រាប់ឲ្យស្រ្តីត្រូវពង្រឹងភារកិច្ចរបស់ខ្លួនក្នុងនាមអ្នកសង្កេតការណ៍ នៅថ្ងៃបោះឆ្នោតធ្វើយ៉ាងណាត្រូវប្រកាន់ភ្ជាប់តួនាទីរបស់ខ្លួនមិនលំអៀង ដើម្បីទទួលយកនូវលទ្ធិប្រជាធិបតេយ្យកម្ពុជាពិតប្រាកដ។

លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើដល់ដែលបានចូលរួមទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែងគ្រប់សកម្មភាពដូចជាពង្រឹងរបៀបរបបធ្វើការចេះបែងចែកតួនាទីភារកិច្ចទទួលខុសត្រូវ និងស៊ីជម្រៅទៅតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីរួមគ្នារក្សាសុខសន្តិភាពដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល»៕