(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាបេក្ខជនតំណាងរាស្ត្របម្រុងទី១ មណ្ឌលព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋស្រុកសង្គមថ្មី សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បោះជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨។

ការថ្លែងអំពាវនាវរបស់លោក សំ លាងទ្រី ក្នុងឱកាសដែលលោកចូលរួមប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន១៧៩នាក់ មកពីឃុំចម្រើន ឃុំស្តៅ និងឃុំរណសិរ្យ ស្រុកសង្គមថ្មី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។

លោក សំ លាងទ្រី បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ផ្ញើជូនសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ដែលមានវត្តមាននៅទីនេះ ក៏ដូចជាទូទាំងស្រុកសង្គមថ្មីផងដែរ។

លោក សំ លាងទ្រី បានថ្លែងប្រាប់សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

លោកក៏បានបង្ហាញនូវការអភិវឌ្ឍជាក់ស្តែងរបស់ស្រុកសង្គមថ្មីនាពេលបច្ចុប្បន្ននេះ គឺបានធ្វើការកសាងផ្លូវកៅស៊ូពីទីប្រជុំជនស្រុកសង្គមថ្មី មកឃុំរណសិរ្យ ដែលកន្លងប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងការកសាងបណ្តាញទឹកស្អាត ជាមួយគ្នានេះបានសាងសង់អគារសម្ភព១ខ្នង ដែលជាំអំណោយដ៍ថ្លៃថ្លារបស់លោក មាស សុភា និងភរិយាផងដែរ។

បេក្ខជនតំណាងរាស្ត្ររូបនេះ ក៏បានថ្លែងប្រាប់ប្រជាពលរដ្ឋ សូមទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សឈ្នះឆ្នោត សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសឱ្យទទួលបានសុខសន្តិភាព ការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត។

សូមបញ្ជាក់ថា បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ នៅមណ្ឌុលព្រះវិហារមាន៧រូប៖ បេក្ខជនពេញសិទ្ធមាន១រូប គឺលោក មាស សុភា និងបេក្ខជនបម្រុងមាន៦រូបគឺ លោក សំ លាងទ្រី លេខរៀងទី១ លោក មួង ឃីម លេខរៀងទី២ លោក ឃឿន ណាត លេខរៀងទី៣ លោកស្រី ខូយ ប៊ុនថាន លេខរៀងទី៤ លោក ខៀវ សម្បត្តិ លេខរៀងទី៥ និងលោកស្រី អ៊ាង ម៉ូនីតា លេខរៀងទី៦៕