(ភ្នំពេញ)៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបវេទិកាពិភាក្សាក្រោមប្រធានបទ «អត្ថប្រយោជន៍ ប.ស.ស សម្រាប់ពលរដ្ឋ និងអ្នកសារព័ត៌មាន» ដើម្បីការការពារសិទ្ធិសមាជិក និងការបង់វិភាគទានជាដើម។

វេទិកាពិភាក្សានេះ បានធ្វើឡើងនៅ សណ្ឋាគារសាន់វ៉េ ដោយមានការចូលរួមពី លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក សន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម រួមទាំងអ្នកសារព័ត៌មានល្បីៗ មួយចំនួនទៀត។

នាឱកាសនេះដែរ លោក សុក បូរ៉ា ប្រធាននាយកដ្ឋានតាវកាលិក សន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងថា គោលបំណងសំខាន់នៃបទបង្ហាញខាងលើ គឺដើម្បីផ្សព្វផ្សាយអំពីនីតិវិធី និងលក្ខខណ្ឌមួយចំនួន ក្នុងការទទួលបានព័ត៌មានស្តីពីការចុះបញ្ជី និងការទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម ដែលសមាជិក ប.ស.ស. នឹងទទួលបានបន្ទាប់ពីបានចុះឈ្មោះក្លាយជាសមាជិក ប.ស.ស.។

លោក សុក បូរ៉ា បានបន្ដថា ការព្យាបាល និងថែទាំវេជ្ជសាស្ត្រត្រូវធ្វើឡើងក្នុងមន្ទីរពេទ្យ ដែលជាដៃគូរបស់ ប.ស.ស។ ជនរងគ្រោះអាចទៅព្យាបាលនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូ ( ប.ស.ស.) បានតែក្នុងករណីសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ។ ក្នុងករណីគ្រោះថ្នាក់កើតឡើងនៅកន្លែងធ្វើការ ឬគ្រោះថ្នាក់ពេលធ្វើដំណើរ ជនរងគ្រោះត្រូវបញ្ជូនទៅសកង្គ្រោះបន្ទាន់នៅកន្លែងជិតបំផុត បន្ទាប់មកត្រូវបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដែលជាដៃគូរបស់ (ប.ស.ស.)។

ជាមួយគ្នានេះ ប្រាក់បំណាច់សម្រាប់ការបាត់បង់សមត្ថភាពការងារបណ្តោះអាសន្ន កម្មករនិយោជិតជាជនរងគ្រោះ ត្រូវឈប់សម្រាកពីការងារ ដើម្បីព្យាបាលនៅមន្ទីរពេទ្យ និងរយៈពេលសម្រាកក្រោយចេញពីមន្ទីរពេទ្យ កម្មករនិយោជិត នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃស្មើនឹង ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃជាប់ភាគទានរបស់ពួកគេ ដោយគិតចាប់ពីនិយោជិត ថ្ងៃទី២ បន្ទាប់ពីថ្ងៃកើតហេតុរហូតដល់មុខរបួសជាសះស្បើយ។

លើសពីនេះទៅទៀត សមាជិកគ្រួសារ ឬអ្នកណាម្នាក់ដែលនៅ មើលថែទាំនៅមន្ទីរពេទ្យ ទទួលបានប្រាក់ឧបត្ថម្ភផងដែរ ស្មើនឹង ៥០% នៃប្រាក់បំណាច់ប្រចាំថ្ងៃរបស់ជនរងគ្រោះ ធនលាភសម្រាប់ការបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ (ពិការចាប់ពី ២០%) កម្មករនិយោជិត បាត់បង់សមត្ថភាពការងារ អចិន្ត្រៃយ៍ចាប់ពី ២០% ឡើងទៅ ( ប.ស.ស.) នឹងផ្តល់ជាប្រាក់ឧបត្ថម្ភ (ប្រាក់ធនលាភជូន រៀងរាល់មួយ (១) ខែម្ដង។

ជាមួយគ្នានេះដែរ ក្លិបអ្នកកាសែតកម្ពុជា បានកត់សម្គាល់ឃើញថា បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បាននិងកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងការផ្សព្វផ្សាយ និងប្រមូលការគាំទ្រពី កម្មករនិយោជិត និងអង្គពាក់ព័ន្ធហើយក៏ទទួលបាននូវការគាំទ្រគួរឲ្យមោទកភាពផងដែរ។ ប៉ុន្តែសម្រាប់ វិស័យសារព័ត៌មាន ក.អ.ក បានមើលឃើញថាការស្វែងយល់ការចូលរួមជាសមាជិកដើម្បីទទួលបាន អត្ថប្រយោជន៍ពី ប.ស.ស នៅមានកម្រិតទាបនៅឡើយ៕