(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង​កងយោធ​ពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានគូសរំលេចថា សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីត​យុទ្ធ​ជន ចងចាំជាប់ជានិច្ចនូវគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់អតីត​យុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញ​បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន និងគ្រួសារពលី​នៅស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ដែល​ជា​ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៦។ ក្នុងពិធីនាព្រឹកមិញនេះ ក៏មានការ​អញ្ជើញ​​ចូល​រួមពីលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់​ប្រតិបត្តិការសឹករងកំពង់ឆ្នាំងផងដែរ។

នៅក្នុងពិធីនោះនាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងកោតសរសើរយ៉ាង​ជ្រាល​ជ្រៅចំពោះវីរភាពរបស់អតីតយុទ្ធជន ក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញមក​វិញ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានចាត់ទុកការលះបង់របស់អតីតយុទ្ធជន​ទាំង​អស់ គឺជាគុណបំណាច់ដ៏ធំធេងពុំអាចកាត់ថ្លៃបាននោះឡើយ។

នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងនៅចំពោះអតីតយុទ្ធជន ១៦៨​នាក់ ដែលទទួលបានការបំពាក់គ្រឿងឥស្សរិយយសយ៉ាងដូច្នេះថា «ក្នុងនាម​យើងទាំងអស់គ្នា ដែលកំពុងរស់រៀនមានជីវិ​ត​ក្នុង​បរិយា​កាសសន្តិភាព មាន​ការ​ដឹងគុណ និងសូមថ្លែងអំណរគុណ​ចំពោះអតីតយុទ្ធជន និងគ្រួសារអតីត​យុទ្ធ​ជន​ទាំងអស់ ចំពោះការលះបង់ដ៏ថ្លៃថ្លា និងប្រកបដោយកិត្តិយស»

នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានលើកបង្ហាញពីការយកចិត្តទុកដាក់​របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន។ ដើម្បីការរស់នៅ​បានសមរម្យសមនឹងគុណបំណាច់ដែលអតីតយុទ្ធជនបានធ្វើចំពោះជាតិនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគិតគូរខ្ពស់ចំពោះអតីតយុទ្ធជន ដោយមានការផ្តល់ប្រាក់សោធននិវត្តន៍ និងផ្តល់របបគោលនយោបាយជាដី និងផ្ទះជូនអតីតយុទ្ធជន និងគ្រួសារថែមទៀតផង។

តាមរយៈកាយវិការទាំងនេះ គឺបានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពីការគិតគូរ និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល របស់សម្តេចតេជោ ចំពោះអតីត​យុទ្ធ​ជន។

លោក សឹង សំណាង ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំរបស់គណ​បក្សប្រជា​ជនកម្ពុជា កងទ័ពជាកម្លាំងប្រតិបត្តិករដ៏សំខាន់​ក្នុង​ការអនុវត្តគោល​នយោ​បាយឈ្នះ-ឈ្នះ នាំមកនូវការបញ្ចប់សង្គ្រាម និងការបង្រួប​បង្រួមជាតិ​ពេញ​លេញ។

នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពអាកាស ក៏បានរំលឹកពីប្រវត្តិតស៊ូរបស់​សម្តេច​តេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ឯក​ និងជាមេដឹកនាំ​ដែលបាន​លះបង់​ខ្ពស់​ ហ៊ានធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីការរស់រៀនរបស់ប្រជាពលរដ្ឋខ្មែរ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ បានធ្វើការប្រៀបធៀបពីស្ថានភាពនានា​ពាក់​ព័ន្ធសន្តិភាព និងសង្គ្រាម​ដែលប្រទេសមួយចំនួនក្នុងតំបន់បាន​និងកំពុង​មានសង្គ្រាមវិនាសកម្មដ៏អាក្រក់ជាទីបំផុត។ ផ្ទុយពីនៅកម្ពុជាដែលជាប្រទេស​ធ្លា​​ប់​​បាន​រងគ្រោះពីគំនរផេះផង់ នៃសង្គ្រាមរ៉ាំរ៉ៃ តែឥឡូវជាប្រទេស មានមុខ​មាត់​លើឆាកជាតិ និងអន្តរជាតិប្រកបដោយភាពជឿជាក់ និងមោទនភាពក្រៃ​លែង​​នៅក្នុង ខណៈកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងការ​រៀប​ចំ​កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម នៅពេលកន្លងមកនេះ ។

សូមបញ្ជាក់ថា ក្នុងពិធីអបអរសាទរខួបលើកទី១៦ ទិវាសមាគមអតីត​យុទ្ធ​​ជន​កម្ពុជានៅស្រុកកំពង់លែងនាព្រឹកមិញនេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបំពាក់គ្រឿងឥស្សរិយយការពារជាតិ ជូនអតីតយុទ្ធជន និងគ្រួសាពលី​ចំនួន ១៦៨នាក់។ ក្នុងនោះគ្រឿងឥស្សរិយយសថា្នក់មាសចំនួន១០ និងគ្រឿងឥស្សរិយយសថ្នាក់ប្រាក់ចំនួន ១៥៨៕