(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា និងលោកស្រីសិរីចរណវិសុទ្ឋិអគ្គមហាឧបាសិកាពុទ្ឋសាស នូត្ថម្ភក៍ ហាក់ ជូ នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង កម្ពស់ពីរជាន់ មាន៨បន្ទប់ នៅអនុវិទ្យាល័យបន្លិចប្រសាទ។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោក ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា រដ្ឋសភា រាជរដ្ឋាភិបាល អាជ្ញាធរស្រុកពាមរក៍ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ស្ថិតនៅ ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ថ្លែងក្នុងពីធីបញ្ចុះបឋមសិលាសាងសង់ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា៖ ថ្ងៃនេះលោក រួមជាមួយក្រុមគ្រួសារទាំងអស់ ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សា១ ខ្នង កម្ពស់២ជាន់មាន៨បន្ទប់ នៅអនុវិទ្យាល័យបន្លិចប្រាសាទ ស្ថិតក្នុងភូមិព្រែកចាម ឃុំបន្ដិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែងនាឱកាសនេះ ដែលជាស្រុកកំណើត ផ្ទាល់របស់លោក និងក្រុមគ្រួសារ លោកដែលបានកើត និងធំដឹងក្តី រស់នៅទីនេះតាំងពីពេលចាប់កំណើតរហូតដល់បច្ចុប្បន្ន បានរៀនសូត្រ មានអនុស្សាវរីយ៍ជាច្រើន អនេកក្នុងទឹកដីកំណើតនេះ បានបម្រើការងារនៅទីនេះ ក៏ដូចជាសម្រាប់ខេត្តព្រៃវែងទាំងមូល។

ដោយមើលឃើញពីតម្រូវការចាំបាច់របស់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ចៅៗទាំងអស់ ដែលកំពុងបន្តការសិក្សា នៅក្នុងអនុវិទ្យាល័យបន្លិចប្រាសាទនេះ និងចៅៗជាទីស្រលាញ់ទាំងអស់ ដែលនឹងបញ្ចប់ថ្នាក់បឋមសិក្សា ហើយនឹងមកបន្តការសិក្សានៅក្នុងអនុវិទ្យាល័យនេះ ព្រមជាមួយនឹងការផ្សារភ្ជាប់និស្ស័យនូវ សមិទ្ឋផលថ្មីមួយទៀតចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រកបដោយ ភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន ែសន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក និងក្រុមគ្រួសារ បានផ្តល់ជាអំណោយនូវការកសាងអគារសិក្សា១ខ្នង កម្ពស់២ជាន់ ៨បន្ទប់ នៅក្នុងអនុវិទ្យាល័យបន្ដិចប្រាសាទនេះ ដោយសេចក្តីគោរពដឹងគុណ ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពីសំណាក់ លោក និងក្រុមគ្រួសារ ជូនលោកនាយកសាលា លោកគូ អ្នកគ្រូ និងបងប្អូន កូនក្មួយៗ ចៅៗទាំងអស់។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍លើកឡើងបន្តថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍន៍សង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រើនជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់៕