(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច បានអនុញ្ញាតឲ្យគណៈប្រតិភូឡាវ ដែលដឹកនាំដោយលោកបណ្ឌិត ខាំផាញ់ ភំម៉ាថាត (Khamphanh Phommathath) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួង នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូឡាវ មកកាន់ប្រទេសកម្ពុជា ដែលសម្ដេចបញ្ជាក់ថា ទស្សនៈកិច្ចនៅពេលនេះមានអត្ថន័យសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ក្នុងវិស័យអធិការកិច្ចនៃប្រទេសទាំងពីរ និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសជិតខាង ឲ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត។

លោកបណ្ឌិត ខាំផាញ់ ភំម៉ាថាត បានថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន និងកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមថ្មីៗនេះ។ លោកបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបានជួយជ្រោមជ្រែងជួយដល់ប្រទេសឡាវ ស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសនៅក្នុងដំណាក់កាលកូវដី១៩។

បន្ទាប់មកទៀត លោកមានការចាប់អារម្មណ៍ និងបានស្នើសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីបានចែករំលែកនូវពិសោធន៍ដែលពាក់ព័ន្ធវិស័យអធិការកិច្ចនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួង រួមមាន៖

*ទី១៖ ធ្វើអធិការកិច្ចលើគ្រប់វិស័យទូទាំងប្រទេស រួមមាន៖ ធ្វើអធិការកិច្ចលើកិច្ចការរដ្ឋបាល, លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីរួមចំណែកបង្ការ ទប់ស្កាត់អំពើពុករលួយ និងជំរុញប្រសិទ្ធភាពការងាររដ្ឋ

*ទី២៖ ទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ

*ទី៣៖ ការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែលក្នុងនោះមានការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័ត រួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន

*ទី៤៖ ការងារបណ្តុះបណ្តាលមុខជំនាញអធិការកិច្ច គ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។

ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឲ្យលោកបណ្ឌិត ខាំផាញ់ ភំម៉ាថាត និងគណ:ប្រតិភូឡាវទទួលបានភាពរីករាយ និងសុវត្ថិភាព ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា៕