(ក្រចេះ)៖ លោក សាម ណាល់ អភិបាលស្រុកស្នួល ខេត្តក្រចេះ បានចាត់ឲ្យមន្រ្តីការិយាល័យជំនាញរបស់រដ្ឋបាលស្រុក សហការជាមួយអធិការដ្ឋាននគរបាលស្រុក ចុះត្រួតពិនិត្យក្រុមហ៊ុនវៀតណាម THACO AGRI ក្រោយមានប្រជាពលរដ្ឋបានចោទប្រកាន់ថាក្រុមហ៊ុន បានបិទផ្លូវមិនឲ្យធ្វើដំណើរតាមផ្លូវក្រុមហ៊ុន។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។ ជាលទ្ធផល ក្រុមការងារបានហៅភាគីក្រុមហ៊ុន និងភាគីប្រជាពលរដ្ឋ (អ្នករត់តាក់ស៊ីហៅតាម៉ាប់) មកសួរនាំដើម្បីធ្វើការសម្របសម្រួលដើម្បីបញ្ចប់ បញ្ហា។
ក្រោយពីមានការសម្រួលពីមន្រ្តីជំនាញ, ប្រជាពលរដ្ឋបានទទួលស្គាល់កំហុស ដោយមិនបានដឹងពីគោលការណ៍របស់ក្រុមហ៊ុន មានការយល់ច្រឡំ និងបានសុំទោសចំពោះពាក្យសំដី និងកាយវិការដែលបានប្រព្រឹត្តដូចមានក្នុង វីដេអូដែលបានថតបង្ហោះ ព្រមទាំងធ្វើកិច្ចសន្យាឈប់បំផ្លិចបំផ្លាញទ្រព្យរបស់ក្រុមហ៊ុនបន្តទៀត។
តាមការបញ្ចាក់ពីតំណាងក្រុមហ៊ុន THACO AGRI បានឲ្យដឹងថា ក្រុមហ៊ុនមិនបានបិទផ្លូវមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់នោះទេ ប៉ុន្តែដើម្បីការពារសន្តិសុខ ក្រែងមានសកម្មភាព ប្រព្រឹត្តបទល្មើសលួចរបស់របរពីជនទុច្ចរិត ទើបក្រុមហ៊ុនធ្វើការរឹតបន្តឹងសន្តិសុខ និងឃាត់យានយន្តសួរនាំរកប័ណ្ណសំគាល់ចេញចូលផ្លូវក្រុមហ៊ុនឲ្យបានត្រឹមត្រូវ។
សម្រាប់ករណីនេះ លោក សាម ណាល់ អភិបាលស្រុកស្នួល បានបញ្ជាក់ថា ក្នុងនាមលោកជាអាជ្ញាធរស្រុក សំណូមពរដល់ក្រុមហ៊ុនទាំងអស់សុំឲ្យជួយសម្រួល រាល់ការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ឲ្យពួកគាត់ធ្វើ ដំណើរងាយស្រួល ជាពិសេសក្នុងរដូវវស្សានេះ ហើយចំពោះបងប្អូនប្រជាពលរដ្ឋវិញ រាល់ព័ត៌មាន ការធ្វើដំណើរចេញចូល មានភាពអាក់ខានយ៉ាងណា សុំឲ្យបងប្អូនផ្ដល់ព័ត៌មានមកអាជ្ញាធរស្រុក ដើម្បីជួយអន្តរាគមន៍៕