(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ បានធ្វើបាឋកថាស្តីពី តួនាទី-ភារកិច្ចចំពោះមុខ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ជូនដល់នាយទាហាន ចំណុះអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ និងសិក្ខាកាម វគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី៣ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

នាយឧត្ដមសេនីយ៍ សំ វណ្ណថន បានថ្លែងថា តួនាទីភារកិច្ច របស់នាយទាហានបម្រើ និងបំពេញការងារអគ្គលេខាធិការដ្ឋាន ឬការងាររដ្ឋបាល ពិតជាមានសារៈសំខាន់ណាស់ លើការងារគ្រប់គ្រងអង្គភាព ឬក៏ស្ថាប័នមួយ, ជោគជ័យ ឬមិនជោគជ័យ ក៏អាស្រ័យលើការគ្រប់គ្រងផ្នែករដ្ឋបាលនេះផងដែរ។ ដូចជានីតិរដ្ឋ ការគ្រប់គ្រងប្រទេសមួយ គឺផ្អែកលើការគ្រប់គ្រងផ្នែកច្បាប់ នៃលិខិតបទដ្ឋានគត្តិយុត្តផ្សេងៗ ដែលរដ្ឋនីមួយៗបានបង្កើតឡើង ព្រោះបើគ្មានច្បាប់ទំលាប់នោះទេ យើងមិនអាចនិយាយបានថាមាននីតិរដ្ឋបាននោះទេ។ ព្រោះច្បាប់ បុគ្គល-ជនគ្រប់រូបទាំងអស់ស្ថិតក្នុងប្រទេសណានោះ គឺស្ថិតនៅក្រោមច្បាប់របស់ប្រទេសនោះទាំងអស់ គ្មានបុគ្គល ឬជនណារំលោភច្បាប់បាននោះទេ។ ទោះបីសាសន៍ណាក៏ដោយស្ថិតនៅក្រោមច្បាប់ទាំងអស់ លើកលែងតែពួកកុលសម្ព័ន្ធ ហើយការអនុវត្តច្បាប់សំខាន់ណាស់ បុគ្គល-ជនទាំងអស់សុទ្ធតែត្រូវគោរពច្បាប់ ទើបប្រទេសមាននីតិរដ្ឋបាល ហើយបើមិនគោរពច្បាប់ទេស្មើនឹងអាណាធិបតេយ្យហើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការងាររដ្ឋបាលនេះ មានកិច្ចការការងារច្រើនណាស់ ដូចជា ការរៀបចំតាក់តែងលិខិតស្នាម ការធ្វើចរាចរណ៍លិខិតស្នាម រួមនិងការរក្សាទុកដាក់លិខិតស្នាមគត្តិយុត្តឱ្យបានល្អរលូន និងត្រឹមត្រូវច្បាស់លាស់តាមនីតិវិធីច្បាប់ និងសម្រាប់ជាតឹកតាងឯកសារប្រវត្តិសាស្ត្រផងដែរ ហើយនាយទាហានបម្រើ និងបំពេញការងារអគ្គលេខាធិការដ្ឋាន ឬការងាររដ្ឋបាល ត្រូវតែឈ្លាស់វៃ ពីព្រោះធាតុផ្សំការងារមានច្រើនណាស់ ត្រូវមានការតាមដានឱ្យបានម៉ត់ចត់ច្បាស់លាស់ ចាប់លិខិតចេញទៅរហូតដល់ការអនុវត្ត។

នាយឧត្ដមសេនីយ៍ សំ វណ្ណថន បានបន្តថា កន្លងមកងនេះ អគ្គលេខាធិការ ក្រសួងការពារជាតិ បានខិតខំប្រឹងប្រែងណាស់ ក្នុងការបណ្តុះបណ្តាលលើការងាររដ្ឋបាល ឱ្យដល់ជួរ ខ.ភ.ម ដោយបានបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល ខ.ភ.ម និងបានអញ្ជើញយោធាចារ្យ សាស្ត្រាចារ្យដែលមានបទពិសោធន៍មកពីនាយកដ្ឋាននីតិកម្ម ពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ ក្រសួងធម្មការ និងសាសនា និងពីសាលាភូមិន្ទរដ្ឋបាល មកផ្តល់បទឧទ្ទេសនាមដល់សិក្ខាកាមការងាររដ្ឋបាល ខ.ភ.ម ដើម្បីពង្រឹងពង្រីកសមត្ថភាពនៅលើការងាររដ្ឋបាល។

នៅចំពោះមុខ អគ្គលេខាធិការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានផ្តាំផ្ញើដល់នាយទាហាន និងសិក្ខាកាមវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល ជំនាន់ទី៣ បន្តយកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យបានម៉ឺងម៉ាត់បំផុត ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ សាមគ្គីភាពស្មោះត្រង់ និងបន្តធ្វើការស្រាវជ្រាវពង្រីកចំណេះដឹងជំនាញផ្សេងៗបន្ថែមទៀត ហើយត្រូវបំពេញក្នុងនាមជាពលរដ្ឋនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ២០២៣ ខាងមុខនេះ ស្របតាមប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងខួប៤៦ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅក្រសួងការពារជាតិ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ៕