Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចខេត្តស្វាយរៀង ចាប់ខ្លួនជនជាតិវៀតណាម១៤នាក់ ពាក់ព័ន្ធករណីអំពើហិង្សា លើបុរសម្នាក់នៅស្រុកចន្ទ្រា

21-06-2023 16:18

(ស្វាយរៀង)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចាប់ខ្លួនជនជាតិវៀតណាម ចំនួន១៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើបុរសម្នាក់ នៅកាសុីណូសៀងហៃរីសត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជនជាតិវៀតណាមទាំង១៤នាក់នេះ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែមិថុនាម្សិលមិញ ដោយកម្លាំងជំនាញខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្នុងប្រតិបត្តិការនៃការចាប់ខ្លួននេះ កម្លាំងជំនាញដកហូតបាន អាវុធខ្លី៣ដើម, កាំបិតផ្គាក់មួយចំនួន, កាំបិតខ្លី៣ដើម, ទូដែកចំនួន៣ (គ្មានសម្ភារៈ) និងកាបូបស្ពាយខាងមួយចំនួនទៀតផងដែរ។

គួរជម្រាបថា តាមរយៈវីដេអូដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានឲ្យដឹងថា ករណីនេះគេឃើញជនជាតិវៀតណាមមួយក្រុមប្រដាប់ដោយកាំបិតស្ទើរគ្រប់ដៃ បានចុះទៅលើម៉ូតូទៅកាប់បុរសជនជាតិខ្មែរម្នាក់ ពេលកំពុងអង្គុយក្នុងហាងមួយកន្លែង ហើយក្រោយធ្វើសកម្មភាពជនដៃដល់ទាំងអស់នោះ បានគេចខ្លួនបាត់ រហូតកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងចាប់ខ្លួនបាននៅពេលនេះ៕