(បាត់ដំបង)៖ អគារសិក្សាថ្មីមួយខ្នង សាងសង់អស់ថវិកា ៤៥ម៉ឺនដុល្លារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង និងលោកស្រី ញ៉ែម សាខន ស ខេង ត្រូវបានលោក សុខ លូ អភិបាលខេត្តបាត់ដំបង ចុះហត្ថលេខាប្រគល់ប្រគល់ជូនមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីអនុញ្ញាតឱ្យអនុវិទ្យាល័យសោហឺ អាចប្រើប្រាស់ជាបណ្ដោះអាសន្ន មុនបើកសម្ពោធជាផ្លូវការ។
សូមបញ្ជាក់ថា អគារសិក្សាថ្មីនៃអនុវិទ្យាល័យ សោហឺ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយអគារមានទំហំ៥៤ម៉ែត្រ x១០,៧០ម៉ែត្រ កម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់សិក្សា, សាលប្រជុំ ១បន្ទប់, បន្ទប់ទឹកបុរស ៤បន្ទប់, បន្ទប់ទឹកស្ត្រី ៨បន្ទប់ បន្ទប់ទឹកសម្រាប់ជនពិការ ២បន្ទប់,ព្រមទាំងបំពាក់គ្រឿងបរិក្ខាក្នុងបន្ទប់មួយចំនួនដូចជា តុ កៅអី ក្ដារខៀន អំពូលភ្លើង និងកង្ហារជាដើម ដោយចំណាយសរុប៤៥០.០០០ ដុល្លារ៕