(ព្រះសីហនុ)៖ គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះ ក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់ជាតិ បានដាក់ដំណើរការហើយ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីផ្គត់ផ្គង់អគ្គិសនី ជូនលំនៅដ្ឋាន​ប្រជាពលរដ្ឋ​ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចរណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ឱ្យទទួលបានថាមពលអគ្គិសនីពីបណ្តាញជាតិ ប្រើប្រាស់ក្នុងតម្លៃសមរម្យ ដូចបណ្ដាតំបន់ផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា​។

ពិធីសម្ពោធដាក់ឱ្យដំណើរការនេះ ធ្វើឡើងនៅក្រុងកោះរ៉ុង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមជាអធិបតីភាពពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា និងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលរាជធានីខេត្តព្រះសីហនុ និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងប្រជាពលរដ្ឋផងដែរ។

គម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យម កប់ក្រោមបាតសមុទ្រ និងអាកាស តាមបណ្តាកោះនេះ ត្រូវបានធ្វើឡើងតាមអនុសាសន៍របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​ដើម្បីឲ្យតំបន់កោះក្នុងដែនសមុទ្ររបស់កម្ពុជា ជាពិសេសកោះរ៉ុង ឲ្យមានការអភិវឌ្ឍ និងត្រៀមទទួលយកការវិនិយោគទ្រង់ទ្រាយធំនានា ដូចជាការសាងសង់រីស៊ត និងសណ្ឋាគារ ព្រមទាំងលើកស្ទួយជីវភាព និងគុណភាពនៃការរស់នៅរបស់ប្រជានេសាទជាច្រើនគ្រួសារនៅទីនោះ។

លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករមន្រ្តី អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងថា ​​គម្រោងសាងសង់ខ្សែបណ្តាញបញ្ចូនរង តាមរយៈខ្សែបណ្តាញតង់ស្យុងមានកម្លាំង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល និងខ្សែកាបកប់ក្រោមបាតសមុទ្រ ​​បានចំណាយថវិកាសរុបចំនួន ១០​.៤៤លានដុល្លារ ដែលមានខ្សែបណ្តាញតង់ស្យុងមធ្យមសរុប ៨២.១៥ គីឡូម៉ែត្រ ក្នុងនោះរួមមាន ខ្សែបណ្តាញអាកាសមានប្រវែងសរុបប្រមាណ ៤៩.៦២ គីឡូម៉ែត្រ ខ្សែបណ្តាញកប់ដីមានប្រវែងសរុបប្រមាណ ១១.៥១គីឡូម៉ែត និងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ប្រវែងសរុបប្រមាណ ២១.០២ គីឡូម៉ែត្រ សម្រាប់៖

១- តបណ្តាញអគ្គិសនីតង់ស្យុងមធ្យម នៅស្រុកគីរីសាគរ ខេត្តកោះកុង និងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ព្រមទាំងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ពីទីតាំងដីគោកពយពាមកាយ ឆ្លងកាត់កោះម្នាស់ កោះតាទាម មកដល់កោះរ៉ុង។

២- គម្រោងសាងសង់ខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ពីទីតាំងដីគោកពយជប៉ុន មកកោះស្តេច កោះសាមិត កោះអំពិលតូច កោះអំពិលធំ កោះស្មាច់ និងភ្ជាប់មកទីតាំងដីគោកវិញនៅ ឆ្នេរតារាសាគរ ឃុំកោះស្តេចស្រុកគីរីសាគរ ខេត្តកោះកុង។

៣- គម្រោងសាងសង់ខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ពីទីតាំងដីគោកពយជប៉ុន មកកោះទទឹង ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង, គម្រោងសាងសង់ខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ពីតំបន់ដីគោករាម មកកោះស្រមោច ខេត្តព្រះសីហនុ។

៤- គម្រោងសាងសង់ខ្សែអគ្គិសនីតង់ស្យុងមធ្យម​ ព្រមទាំងខ្សែបណ្តាញកប់ក្រោមបាតសមុទ្រ ពីឆ្នេរដីកោះកុង ទៅកាន់កោះស្រឡៅ និងកោះកាពី ក្នុងខេត្តកោះកុង​ (កំពុងអនុវត្តការសាងសង់)។

លោក កែវ រតនៈ បានសូមគោរពថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលផ្តល់ការគាំទ្រលើគម្រោងអាទិភាពមួយនេះ និងសូមអរគុណដល់អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ការយោគយល់ និងសហការក្នុងកំឡុងពេលសាងសង់។ អគ្គិសនីកម្ពុជានឹងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ជាតិនេះឲ្យបានពេញលេញ ក្នុងការផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋ។

លោកបន្តថា «ថ្ងៃនេះ ជាការដាក់សម្ពោធសមិទ្ធិផលជាប្រវត្តិសាស្ត្ររបស់ជាតិ ដើម្បីផ្គត់ផ្គង់អគ្គិសនីជូនលំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រមាណ ៧០០គ្រួសារ និងបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តំបន់ទេសចរណ៍ ពាណិជ្ជកម្ម នៅលើកោះរ៉ុងទាំងមូល ឱ្យបានប្រើប្រាស់ថាមពលអគ្គិសនីពីបណ្តាញជាតិ ដែលមានតម្លៃសមរម្យ ដូចបណ្ដាតំបន់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា»

លោក គួច ចំរើន បា​នថ្លែងថា បច្ចុប្បន្ននេះស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី​នៅក្នុងខេត្តព្រះសីហនុ កាន់តែមានភាពប្រសើរឡើងជាមួយតម្លៃអគ្គិសនីដ៏សមរម្យ​។

​​លោកសង្ឃឹមថា ការអនុវត្តគម្រោងនេះនឹងទទួលបានជោគជ័យ ដើម្បីពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី បង្កើនគុណភាពអគ្គិសនី និងជាពិសេសកាត់បន្ថយការរអាក់រអួល ការផ្គត់ផ្គង់អគ្គិសនីឱ្យបានជាអតិបរមា ធានាបានស្ថិរភាពនៃការផ្គត់ផ្គង់ឱ្យបានកាន់តែប្រសើរ ដែលឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សកម្មភាពសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ និងការប្រើប្រាស់របស់ប្រជាជនជាបន្តបន្ទាប់នៅតំបន់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកបន្តទៀតថា «រដ្ឋបាលខេត្តព្រះសីហនុ នឹងបន្តជួយគាំទ្រយ៉ាងពេញទំហឹង រាល់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជាដែលកំពុងអនុវត្ត និងគម្រោងអនុវត្តនៅក្នុង ភូមិសាស្រ្តខេត្តព្រះសីហនុ»

សូមជម្រាបថា ក្នុងការអនុវត្តគម្រោងនេះ​ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានផ្តល់កម្ចីវិនិយោគ​ប្រមាណ៥ លានដុល្លារអាមេរិក សម្រាប់ថ្លៃសាងសង់តាមរយៈធនាគារ វីង (WING BANK (CAMBODIA) PLC) ដោយគ្មានការប្រាក់ សម្រាប់ទូទាត់មួយផ្នែកធំនៃគម្រោងខាងលើ ដោយសងរំលោះក្នុងទឹកប្រាក់ ១ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៥ឆ្នាំ ដើម្បីចូលរួមជាបដិភាគនៅក្នុងសុឆន្ទៈនៃការសហប្រតិបត្តិការ និងជួយបន្ធូរបន្ថយផ្នែកថវិការបស់អគ្គិសនីកម្ពុជា។

​ជាមួយគ្នានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី បានសាងសង់ខ្សែបណ្តាញអគ្គិសនីអាកាសតង់ស្យុង ៣៥ គីឡូវ៉ុល ប្រវែងសរុបប្រមាណ២២ គីឡូម៉ែត្រ បន្ថែមពីខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជា ដែលមានប្រវែងជាង២០ គីឡូម៉ែត្រ ខ្សែបណ្តាញអាកាសតង់ស្យុង ០.៤ គីឡូវ៉ុល ប្រវែងសរុបប្រមាណ ២០.៨គីឡូម៉ែត្រ និងដំឡើងត្រង់ស្វូរ 35/0,4kV មានចំនួន ២៣ គ្រឿង ដែលត្រូវចំណាយថវិកាសរុបចំនួន ២ លានដុល្លារអាមេរិក​។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គ្រោងនឹងសាងសង់ស្ថានីយផលិតអគ្គិសនីដើរ ដោយពន្លឺព្រះអាទិត្យបន្ថែមទៀត ដែលជាថាមពលកកើតឡើងវិញ និងជាប្រភពជំនួយបន្ថែម។ លើសពីនេះទៀត ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវបេតុងយ៉ាងច្រើនខ្វាត់ខ្វែង លើកោះទាំងមូល និងកំពុងសាងសង់ព្រលានយន្តហោះផងដែរ​៕