(ភ្នំពេញ)៖ លោក សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា គិតមកដល់ពេលនេះ បរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា មានទំហំទឹកប្រាក់ ប្រមាណ ១.០៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក សុខ ដារ៉ា អញ្ជើញចូលរួម ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងនិយ័តករបរធនបាលកិច្ច (ន.ប.ធ.) និង វិទ្យាស្ថានខេមអេដ ស្ដីពី «កិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរជំនួយបច្ចេកទេស ក្នុងក្របខណ្ឌវិស័យបរធនបាលកិច្ច នៅកម្ពុជា»

លោក សុខ ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «សម្រាប់បរធនបាលកិច្ច ដែលកំពុងធ្វើប្រតិបត្ដិការ នៅក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ពេលនេះ បានចុះបញ្ជីចំនួន៥២៣ករណី ជាមួយនឹងបរធនបាល ប្រមាណជា១.០៤ពាន់លានដុល្លារ ប៉ុន្ដែនៅខែក្រោយចំនួននេះ នឹងកើនឡើង»

បន្ថែមពីនោះទៀត អគ្គនាយក នៃនិយ័តករបរធនបាលកិច្ច បានលើកឡើងថា យើងអាចរំពឹងថា ពាក់កណ្ដាលខែក្រោយ ឬចុងខែក្រោយ តួលេខនេះ នឹងក្លាយជាតួលេខផ្លូវការ ទំហំបរធន ដែលកំពុងធ្វើការសហការ នៅក្នុងប្រទេសកម្ពុជា នឹងកើនដល់១ពាន់១៣០លានដុល្លារ ប៉ុន្ដែនេះ ជាទិដ្ឋន័យបណ្ដោះអាសន្ន។

លោក សុខ ដារ៉ា បានគូសបញ្ជាក់ថា សម្រាប់គោលដៅ របស់និយ័តករបរធនបាលកិច្ច នឹងធ្វើយ៉ាងណាឲ្យទំហំបរធន ដែលធ្វើប្រតិបត្ដិការនៅប្រទេសកម្ពុជា កើនឡើង១,៥០០លានដុល្លារសហរដ្ឋអាមេរិក ប្រមាណជា៥% នៃ GDP។

សូមជម្រាបផងដែរថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងបញ្ជា្របការយល់ដឹងអំពីវិស័យបរធនបាលកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងដើម្បីផ្ដល់ការគាំទ្រ និងផ្លាស់ប្តូរជំនួយបច្ចេកទេសទៅវិញទៅមក សម្រាប់ជាវិភាគទានដល់កិច្ចដំណើរការអភិវឌ្ឍន៍ នៃវិស័យបរធនបាលកិច្ចនៅកម្ពុជា។

ពិធីចុះ MoU ខាងលើនេះ ដោយទទួលបានការអនុញ្ញាត ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.)។ ពិធីនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ មានការចូលរួមផ្ដល់បទបង្ហាញ ដោយមន្រ្តីជំនាញជាន់ខ្ពស់របស់ ន.ប.ធ. និងសាស្រ្តចារ្យនៃវិទ្យាស្ថានខេមអេដ ព្រមទាំងមានការអញ្ជើញចូលរួម ជាសក្ខីភាពពីតំណាងជាន់ខ្ពស់ នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕