(ភ្នំពេញ)៖ លោកបណ្ឌិត ខាំផាន់ ផុមម៉ះថាត់ (KHAMPHANH PHOMMATHATH) ប្រធាននៃអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (SIA) បានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការ នៅអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជា (អ.ប.ព.) ចាប់ពីថ្ងៃទី២០-២៣ ខែមិថុនា ឆ្នាំ២០២៣។
ដំណើរទស្សនកិច្ចផ្លូវការនេះ ឆ្លើយតបតាមការអញ្ជើញរបស់ លោកកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) មានគោលបំណងសំខាន់ចំនួន ០២ រួមមាន៖
១៖ កិច្ចពិភាក្សាការងារទ្វេភាគីដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ទៅវិញទៅមក ដើម្បីចូលរួមចំណែកលើកកម្ពស់កិច្ចសហការទ្វេភាគី និងបង្កើនការអនុវត្តការងារប្រឆាំងអំពើពុករលួយរបស់ភាគីនីមួយៗឲ្យកាន់តែមានប្រសិទ្ធភាព។
២៖ ចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) វាងភាគីទាំង២ សម្រាប់៥ឆ្នាំបន្តទៀត (២០២៣-២០២៨) ក្នុងគោលបំណងលើកស្ទួយ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរវាងស្ថាប័នទាំងពីរ និងការផ្លាស់ប្តូរព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ លើមូលដ្ឋាន នៃសមភាពការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក។
គណៈប្រតិភូទ្បាវ មកឈ្វេងយល់ពីការងារសំខាន់ៗរបស់ អ.ប.ព. ទាំងការងារស៊ើបអង្កេត ការអប់រំបង្ការទប់ស្កាត់ ការងារថវិកា របស់ អ.ប.ព. និងទស្សនាមូលដ្ឋានវប្បធម៌ (ព្រះបរមរាជវាំង សារៈមន្ទីរជាតិ) មូលដ្ឋានសេដ្ឋកិច្ច (ខេត្តព្រះសីហនុ កំពង់ផែស្វ័យយ័ត ក្រុងព្រះសីហនុ សារមន្ទីរព្រះស្រីឦសានវរ្ម័ន និងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ) ។
គណៈប្រតិភូចូល បានចូលជួបសម្ដែងការគួរសមជាមួយ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (ទ.រ.ព.អ) និងជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ។
អ.ប.ព. កម្ពុជា និង SIA ឡាវ បានចុះហត្ថលេខាលើ MoU ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងឆ្នាំ២០១៣ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ឆ្នាំ២០២៣ ជាលើកទី៣ ដែល SIA ឡាវ បានបំពេញទស្សនកិច្ចផ្លូវការមកកាន់ អ.ប.ព.កម្ពុជា (លើកទី១ នៅឆ្នាំ២០១៤, លើកទី២ នៅឆ្នាំ ២០១៨) ។ ជាមួយគ្នានេះ អ.ប.ព. កម្ពុជា ក៏បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ SIA ទ្បាវកាលពីឆ្នាំ ២០១៦ ផងដែរ។
សូមបញ្ជាក់ថា SIA ឡាវ បានចូលរួមជាភាគីសង្កេតការណ៍ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំនៃភាគីអាស៊ីអាគ្នេយ៍ប្រឆាំងអំពើពុករលួយ (SEA-PAC) ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៧ និងបានចូលជាសមាជិក SEA-PAC (បច្ចុប្បន្ននេះមានហៅថា អង្គភាពប្រឆាំងអំពើពុករលួយអាស៊ាន (ASEAN-PAC)) នៅថ្ងៃទី៤-៦ ខែវិច្ឆិកា ឆ្នាំ២០១០ ដែល អ.ប.ព. កម្ពុជាធ្វើជាម្ចាស់ផ្ទះ (លើកទី១) នៃកិច្ចប្រជុំថ្នាក់ដឹកនាំ SEA-PAC លើកទី៦ នៅខេត្តសៀមរាប។
នៅថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅទីនេះ អ.ប.ព. កម្ពុជាក៏បានទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនរបស់អាស៊ាន-ផេក (ASEAN-PAC) ជាលើកទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ផេក លើកទី១៨ បន្តវេនពីភាគីប្រ៊ុយណេ ហើយនៅចុងឆ្នាំ២០២៣ SIAទ្បាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះ និងជាប្រធានបន្តវេនរបស់អាស៊ាន-ផេក បន្ទាប់ពី អ.ប.ព. កម្ពុជា។
ASEAN-PAC ក៏ជាអង្គភាពភ្ជាប់ខ្លួនជាមួយអាស៊ាន ដែលបច្ចុប្បន្នមានភាគីជាសមាជិកចំនួន១០ ប្រទេសមកពីស្ថាប័នប្រឆាំងអំពើពុករលួយរបស់ប្រទេសអាស៊ានទាំង១០ ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសទីម័រ ទ្បេស្ត បានទទួលឋានៈប្រទេសសង្កេតការណ៍អាស៊ាន ហើយគណៈកម្មការប្រឆាំងអំពើពុករលួយរបស់ ប្រទេសទីម័រ ទ្បេស្ត នឹងត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំ និងកម្មវិធីបណ្តុះបណ្តាលសមត្ថភាពរបស់អាស៊ាន-ផេក ក្នុងឋានៈជាភាគីសង្កេតការណ៍៕