(ព្រះវិហារ)៖ លោក គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានអំពាវនាវសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។
ការថ្លែងអំពាវនាវរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជាចំនួន១៧៩នាក់ នៅឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក សំ លាងទ្រី បេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ស្រុក ឃុំ ជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះ លោក គីម រិទ្ធី បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ផ្ញើជូនថ្នាក់ដឹកនាំ ពិសេស សមាជិកសមាជិកាថ្មីចំនួន១៧៩នាក់ ដែលមានវត្តមានក្នុងពិធីនេះក៏ដូចជាសមាជិក សមាជិកា ទូទាំងស្រុកសង្គមថ្មីផងដែរ។
ក្នុងនាមគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ លោក គីម រិទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
លោកចាត់ទុកថា ការសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចំនួន១៧៩នាក់ នាពេលនេះ គឺជាការផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជនកម្ពុជា ក៏ដូចជាការគាំទ្រគណបក្ស គាំទ្រការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
លោក គីម រិទ្ធី ក៏បានលើកជាសំណួរថា មូលហេតុអ្វីដែលយើងសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា? តើគណបក្សប្រជាជនកម្ពុជាផ្តល់ផលប្រយោជន៍អ្វីខ្លះដល់យើង? ចម្លើយដែលត្រឹមត្រូវបំផុត គឺចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺមកពីយើងស្រឡាញ់គណបក្ស ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ពិសេសគណបក្សប្រជានកម្ពុជា មានគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ដល់ប្រជាពលរដ្ឋនិងប្រទេសជាតិ។
លោក គីម រិទ្ធី ក៏បានណែនាំដល់គណបក្សឃុំត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សរបស់ឃុំថែមទៀត ដោយសារមន្ត្រីយើងតាមឃុំមួយចំនួនមានវ័យចាស់ជរាហើយ។ លោកអំពាវនាវសមាជិក សមាជិកាថ្មី ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋសូមភ្ជាប់តេឡេក្រាមជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទទួលបានព័ត៌មានថ្មីៗពីសម្តេចតេជោ៕