(បាត់ដំបង)៖ ឧក្រិដ្ឋជនគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបានរួមជាមួយវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកកសរុបជាង៣០គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ហើយត្រូវបានបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកឧត្តមសេនីយ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជាក់ថា បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀន អស់រយៈពេលជាយូរ មកនោះ និងយោងតាមបទបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។

លោកបានអះអាងថា ប្រតិបត្តិការនេះ លោកបានបញ្ជាឲ្យលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលបន្ទុកស្រាវជ្រាវប្រឆាំងបទល្មើស ដឹកនាំកម្លាំងជំនាញសហការកម្លាំងសរុប ឈានទៅការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ខណ:កំពុងធ្វើការជួញដូរក្នុងបទល្មើសជាក់ស្តែងនៅតាមដងផ្លូវ ព្រមទាំងរឹបអូសបានវត្ថុតាងគ្រឿងញៀនប្រភេទ ម៉ាទឹកកក ចំនួន៣១គីឡូក្រាម កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងក្រុងបាត់ដំបង។

លោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានឲ្យដឹងថា បន្ទាប់បានបទបញ្ជាពីឧត្តមសេនីយ៍មេបញ្ជារួចមក លោកបានដឹកនាំកម្លាំងជំនាញចុះប្រតិបត្តិការតាមចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ថោង សូស៊ីវិន អាយុ២៣ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យនៅទីតាំង២កន្លែង គឺលើកទីមួយនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ១កញ្ចប់ ទម្ងន់១,០១៨.៧៤ក្រាម (ថ្លឹងទាំងសំបកថង់), ម៉ូតូ១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ 1W-4635 និងទូរស័ព្ទដៃ២គ្រឿង។

ដោយទទួលបានការអនុញ្ញាតពី លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងជំនាញបានបន្ដធ្វើការឆែកឆេរលំនៅដ្ឋាន២កន្លែង ទី១៖ លំនៅដ្ឋានរបស់ឈ្មោះ ថោ សូស៊ីវិន ហៅពិន ស្ថិតនៅក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រកឃើញម្សៅក្រាមពណ៌ស ថ្លាម៉ាទឹកកក (ICE) ៤កញ្ចប់ ទម្ងន់២២០.២៥ ក្រាម (ថ្លឹងទាំងសំបកថង់), ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, ប្រាក់បាត១,២០០បាត, ប្រាក់ដុល្លារ១០០ដុល្លារ និងប្រាក់រៀល ៤,០០០,០០០រៀល។ ទី២៖ បន្ទប់ជួលស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង រកើញម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ១កញ្ចប់ ទម្ងន់៩៩.៨៥ក្រាម (ថ្លឹងទាំងសំបកថង់)។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនរបស់មេក្លោងរបស់ខ្លួនបានលាក់ទុកនៅបន្ទប់ជួល ស្ថិតនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយមកកម្លាំងជំនាញបានចុះទៅដល់បន្ទប់ជួលខាងលើ ហើយបានរកឃើញម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ៤១កញ្ចប់ ទម្ងន់៣០,៣៧៤.៥ក្រាម (ថ្លឹងទាំងសំបកថង់), កាបូបយួរដៃចំនួន២, ការ៉ុងចំនួន២។ សរុបដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ៤៧កញ្ចប់ ទម្ងន់៣១,៧១៣.៣៤ក្រាម (ថ្លឹងទាំងសំបកចង់), ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, ទូរស័ព្ទដៃ ២គ្រឿង, ម៉ូតូ១គ្រឿង, ប្រាក់បាត១,២០០បាត, ប្រាក់ដុល្លារ ១០០ដុល្លារ, ប្រាក់រៀល៨លានរៀល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១សន្លឹក និងស្លាកលេខម៉ូតូ២សន្លឹក។

បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យហើយ លោកឧត្តមសេនីយ ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងលោក ទុត វិនិត តំណាង លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង មេបញ្ជាការរងពាក់ព័ន្ធ កម្លាំងជំនាញបានរួមគ្នាធ្វើកោសល្យវិច្ច័យ ពិសោធន៍លើថ្នាំញៀនទាំងនោះ ចំពោះមុខជនសង្ស័យ និងអ្នកសារព័ត៌មាន សង្កេតឃើញថា ម្សៅពណ៌ស ទាំងនេះពិតជាមានសារធាតុញៀនពិតប្រាកដមែន។

បច្ចុប្បន្ន យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ និងវត្ថុតាងទាំងអស់ការិយាល័យប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿងដើម្បីកបញ្ចូនទៅតុលាការតាមនីតិវិធីនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ដើម្បីចាត់ការតាមនីតិវីធី៕