Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ្រូ និងសិស្សជាង៤ពាន់នាក់ នៅវិទ្យាល័យជាស៉ីមសាមគ្គី ទទួលបានការផ្តល់ឱវាទអប់រំ តាមព្រះពុទ្ធសាសនា ដើម្បីប្រកាន់យកនូវអហិង្សា សម្រាប់ដោះស្រាយបញ្ហា

21-06-2023 15:21

(ភ្នំពេញ)៖ វិទ្យាល័យជាស៉ីមសាមគ្គី នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីផ្ដល់ឱវាទអប់រំតាមព្រះពុទ្ធសាសនា ដែលនិមន្តចូលរួមដោយព្រះគុណម្ចាស់ គូ សុភាព គង់នៅវត្តគល់ទទឹង។

ជាមួយគ្នានេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានប្រជុំពង្រឹងណែនាំគ្រប់គ្រឹះស្ថានសិក្សា ឱ្យបន្តចូលរួមអនុវត្តន៍សំដៅកាត់បន្ថយរាល់ទម្រង់ហិង្សា ដោយប្រកាន់យកនូវអហិង្សា សម្រាប់ដោះស្រាយបញ្ហា និងពង្រឹងសីលធម៌រស់នៅឱ្យរឹតតែល្អប្រសើរ ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំ និងគុណភាពជីវិត។

កម្មវិធីផ្ដល់ឱវាទអប់រំ តាមព្រះពុទ្ធសាសនា ដែលរៀបចំដោយវិទ្យាល័យជាស៉ីមសាមគ្គី មានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូចំនួន ៩៨នាក់ និងសិស្សានុសិស្សចំនួន ៤ ២៧៨នាក់។

ការទប់ស្កាត់អំពើហិង្សា ត្រូវមានការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងគ្រឹះស្ថានសិក្សា និងនៅក្រៅគ្រឹះស្ថានសិក្សា។

សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញមកអំពាវនាវជាថ្មី ទៅដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។

លោក រស់ សុវាចា អ្នកនាំពាក្រសួងអប់រំ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ អំពើហិង្សាមួយបានកើតមាននៅតាមសាលារៀន ដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តពង្រឹងការអនុវត្តស្មារតីនៃសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ២០ មករា ២០២០ ស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។

លោកបន្តទៀតថា ក្រសួងអប់រំ យុវជន និងកីឡា បានដាក់វិធានការឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសបន្តពង្រឹងវិន័យ សីលធម៌ និងការអប់រំខាងផ្នែកសាសនា ដើម្បីធ្វើយ៉ាងណាឲ្យនៅតាមសាលារៀន មានបរិយាកាសសិក្សាល្អ ប្រកបដោយវិន័យ និងសីលធម៌ល្អ៕