(ម៉ូស្គូ)៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានសម្រេចចិត្តប្រឆាំង ទៅនឹងការដាក់បម្រាមចំពោះ ក្រុមអត្តពលិករុស្ស៊ី ក្នុងការចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្តៅ Rio 2016 នៅប្រេស៊ីល ខែក្រោយនេះ។
សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា IOC នឹងទទួលខុសត្រូវគ្រប់យ៉ាង ហើយក៏សូមស្នើសុំឲ្យសហព័ន្ធអន្តរជាតិដទៃ ជាពិសេស សហព័ន្ធអត្តពលកម្មពិភពលោក IAAF ព្យួរបម្រាមអត្តពលិករុស្ស៊ីបណ្តោះអាសន្នផងដែរ ដើម្បីឲ្យអត្តពលិកនៃប្រទេសនេះ មានសិទ្ធិចូលរួមប្រកួត Rio 2016 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះហើយ។
ដូច្នេះ រុស្ស៊ី អាចបញ្ជូនអត្តពលិករបស់ខ្លួន គ្រប់ប្រភេទកីឡាទាំងអស់ទៅចូលរួមការប្រកួតយកមេដាយ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Rio 2016 នៅប្រេស៊ីល ចាប់ផ្តើមពីថ្ងៃទី០៥ ដល់ថ្ងៃទី២១ ខែសីហា ដោយស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិដូចមុនៗដែរ។
សូមរំលឹកថា អត្តពលិករុស្ស៊ី មានរហូតដល់ទៅ ៩៨នាក់ ត្រូវបានភ្នាក់ងារប្រយុទ្ធប្រឆាំងសារធាតុហាមឃាត់ក្នុងកីឡា WADA បានរកឃើញថា បានលួចប្រើសារធាតុហាមឃាត់ តាំងពីប្រកួតកីឡាអូឡាំពិក ឆ្នាំ២០០៨ នៅចិន និងអូឡាំពិក ក្រុងឡុងដ៍ ឆ្នាំ២០១២ នៅអង់គ្លេស តាមរយះការពិនិត្យគំរូទឹកនោម ដែលត្រូវបានធ្វើឡើងជាង ២ខែមកនេះ។
ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ក៏បានធ្វើការច្រានចោលថា មិនពិតនោះទេ និងស្នើសុំឲ្យមានការបង្កើតគណះកម្មការឯករាជ្យមួយ ដើម្បីពិនិត្យរឿងនេះឡើងវិញផងដែរ៕