(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ និងជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក» បានទទួលជួបសំណេះសំណាលជាមួយក្រុមការងារ Ministers Of Religious Affairs of Malaysia, Brunei, Indonesia and Singapore (MABIMS)។

ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និង ជាសមាជិក គ.ត.ផ.ហ.ក. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមឯកទេសផលិតផលហាឡាល។

សូមបញ្ជាក់ថា ក្រុមការងាររបស់ MABIMS បានអញ្ជើញមកធ្វើវគ្គបណ្ដុះបណ្ដាលដល់ស្ថាប័នហាឡាលកម្ពុជា ដែលជាកម្មវិធីអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេស ហាឡាលអន្តរជាតិ International Halal Technical Capacity Development Program (IHTCDP) ដែលរៀបចំដោយស្ថាប័ន JAKIM នៃប្រទេស ម៉ាឡេស៊ី ដែលជាការរួមចំណែកបន្ថែម ដល់ស្ថាប័នហាឡាលកម្ពុជា ដើម្បីបំពេញលក្ខខ័ណ្ឌតម្រូវផ្សេងៗទៀត ក្នុងការទទួលបាន ការទទួលស្គាល់ ជាអន្តរជាតិពីស្ថាប័ន JAKIM និង ស្ថាប័នអន្តរជាតិផ្សេងទៀត ។

គ.ត.ផ.ហ.ក. ត្រូវបានទទួលស្គាល់រួចមកហើយ ជាមួយស្ថាប័នហាឡាលថៃ ហើយក្នុងនោះដែរអគ្គនាយកដ្ឋាន ក.ប.ប. និងក្រុមឯកទេស ផលិតផលហាឡាល នឹងខិតខំប្រឹងប្រែងពង្រឹង ការកសាងលិខិតបទដ្ឋានគតិយុត្ត លក្ខខ័ណ្ឌតម្រូវ និងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP)ផ្សេងៗទៀត ដើម្បីឱ្យស្ថាប័នហាឡាលកម្ពុជា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដែលជាកត្តាជំរុញ ឱ្យមានកំណើនកត្តាផលិតភាព និងការនាំចេញផលិតផលកសិឧស្សាហកម្ម ផលិតផលម្ហូបអាហារហាឡាលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសដែលមានបងប្អូនសាសនិកឥស្លាម។

លើកឡើងនាឱកាសនោះលោក ផាន អូន ក៏បានអញ្ជើញគណៈប្រតិភូតំណាងក្រុមការងារ (MABIMS) ដើម្បីធ្វើទស្សនកិច្ចនៅអគ្គនាយកដ្ឋាន ក.ប.ប. ជាពិសេសនៅនាយកដ្ឋានកិច្ចការហាឡាល ដែលជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា «គ.ត.ផ.ហ.ក» និងនាយកដ្ឋានមន្ទីរពិសោធន៍ ដែលជាឆ្អឹងខ្នង នៃអគ្គនាយកដ្ឋាន ក.ប.ប.នៅក្នុងគោលការណ៍ សុវត្ថិភាពម្ហូបអាហារ ។

ឆ្លៀតក្នុងឱកាសនេះ សម្រាប់ក្រុមហ៊ុន សហគ្រាស ដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ស្តង់ដារ ផលិតផលហាឡាលកម្ពុជា សម្រាប់ធ្វើការនាំចេញ ផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសដែលមានបងប្អូនសាសនិកឥស្លាម សូមមកដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ និងជាលេខាធិការដ្ឋាន នៃ គ.ត.ផ.ហ.ក. ដែលមានអាសយដ្ឋាន ផ្លូវ១៨ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងអាចទំនាក់ទំនង មកលេខទូរសព្ទ +855 71 969 3363 ៕