(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា សាសនារស់នៅក្នុងសន្តិភាព ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការជួយផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ទើបនាំមកនូវការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា និងបន្តការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាលកម្ពុជាបច្ចប្បន្នបន្តទៀត។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រី និងលោកស្រី បានអញ្ជើញក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធិផលនានាតម្លៃជាង ៧០០លានរៀល នៅវត្តសុវណ្ណារាម (ហៅវត្តសន្ទៃ២) ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ប្រទេសជាតិមានការរីកដុះដាលគ្រប់ទីកន្លែង ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម និងសមិទ្ធិផលជាច្រើនទៀត ដែលនេះអាចបញ្ជាក់ឲ្យឃើញ ពីសុខសន្តិភាព ពេញលេញ ក្រោមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យប្រទេសជាតិ និងប្រជាជាតិមានភាពសម្បូរសប្បាយ។

លើសពីនេះ ប្រជាពលរដ្ឋក្រីក្ររងគ្រោះ និងងាយរងគ្រោះ ដោយសារវិបត្តិនៃជម្ងឺកូវីដ-១៩ ត្រូវបានគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងលើកកម្ពស់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជាបន្តបន្ទាប់។ ចំណែកវិស័យសាសនា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន រួមជាមួយឥស្សរជនឆ្នើមដទៃទៀត បានតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឱ្យប្រជាជាតិ បានរស់រានមានជីវិតឡើងវិញ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយចីរភាព និងសមធម៌ ធ្វើឱ្យសង្គមជាតិមានការផ្លាស់ប្តូរមុខមាត់ដែលពុំនឹកស្មានដល់។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនឥតឈប់ឈរថែមទៀត ពិសេសដើម្បីឱ្យគណបក្សប្រជាជនបន្តរក្សាការពារ សុខសន្តិភាពឱ្យនៅស្ថិតស្ថេរជាអមតៈ។

លោក លី សុភាលីន អភិបាលស្រុកពញាក្រែក បានឲ្យដឹងថា ក្រោមការផ្ដួចផ្ដើមពីព្រះចៅអធិការ គណៈកម្មការ និងអាចារ្យ ក៏បានកសាងឧបដ្ឋានសាលាថ្មី ១ខ្នង ធ្វើពីបេតុងទំហំ ២០គុណ២៦ម៉ែត្រ រួមជាមួយសមិទ្ធផលដទៃទៀត មានដូចជាកុដិថ្ម ស្រះទឹក ខ្លោងទ្វារដំរី និងរោងសម្រាប់ទទួលភ្ញៀវ ដោយចំណាយថវិកា សរុបចំនួន ៦៩៣,៩៨៦,៥០០ រៀល ដែលថវិកាទាំងអស់នេះ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេច អគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា, សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ, រដ្ឋមន្ត្រី វង សូត និងលោកស្រី, សន្ដិបណ្ឌិត ចាន់ អ៊ាន និងលោកស្រី, លោក អ៊ុង សាមី និងលោកស្រី, លោក ជា ដែប និងលោកស្រី, លោក ម៉ុន មាគ៌ា និងលោកស្រី រួមជាមួយថ្នាក់ដឹកនាំគណបក្ស មន្ត្រីគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយ ។

ចប់សំណេះសំណាលលោករដ្ឋមន្ត្រី វង សូត និងលោកស្រី បានប្រគេនបច្ច័យកសាង ចំនួន ៣០លានរៀល ដល់វត្តសុវណ្ណារាម (ហៅវត្តសន្ទៃ២) និងជូនដល់យាយជីតាជី ក្នុងម្នាក់ថវិកាមួយចំនួន និងក្រណាត់សផងដែរ ៕