(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអំពាវនាវដល់ពលរដ្ឋទាំងអស់គ្នាត្រូវរក្សាសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើន ធ្វើឱ្យជីវភាពពលរដ្ឋសម្បូរសប្បាយ និងទទួលបានក្តីសុខសុភមង្គល និងត្រូវគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនទាំងអស់គ្នា។
ការអំពាវនាវដូច្នេះក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលកម្ពុជា ជូនថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្តកំពត ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅសាល់ប្រជុំសាលាខេត្តកំពត។
លោក ញ៉ូវ សាឯម ក៏បានបន្តលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាមានកិត្តិស័ព្ទល្បីខ្ទរខ្ទា ទាំងក្នុងតំបន់ និងលើពិភពលោក តាមរយៈសមិទ្ធផល និងស្នាដៃដឹកនាំការងារផ្សេងៗ។
លោកប្រធានក្រុមប្រឹក្សាខេត្តវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលបានមកពីកិច្ចខិតខំប្រឹកប្រែងរបស់មន្ត្រី ក្រុមគ្រូពេទ្យក្នុងការគ្រប់គ្រង់ស្ថានភាពកូវីដ១៩ នៅខេត្តកំពត បានល្អប្រសើរនាពេលកន្លងមក។ លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានជាប់ជាប្រទេសប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ បានល្អជាងគេនៅលើពិភាពលោក។ ទោះជាពិភពលោកបាននិងកំពុងស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ១៩នៅឡើយក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សាបាននូវស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម កំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនល្អប្រសើរ។
ជាងនេះទៅទៀត តាមរយៈការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមប្រកបដោយភាពជោគជ័យនាពេលថ្មីៗនេះ បានធ្វើឲ្យពិភពលោកបានដឹងថា “កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ”។
លោកប្រធានក្រុមប្រឹក្សាខេត្តបានលើកបញ្ជាក់ថា ដរាបណាពលរដ្ឋនៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ការពារសុខសន្តិភាពបន្តទៀត សេដ្ឋកិច្ចគ្រួសារ និងប្រទេសជាតិនឹងកាន់តែអភិវឌ្ឍន៍រីកចម្រើនទៅមុខជាក់ជាមិនខាន់។
លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងក្នុងរបាយការណ៍ថា បច្ចុប្បន្នខេត្តកំពតមិនមានអ្នកកើតជំងឺកូវីដ១៩ទេ ចំពោះការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី២០ ខែមិថុនានេះ ដូសទី១ (អាយុ៣ឆ្នាំឡើង) ចាក់បានចំនួនជាង៥៥ម៉ឺននាក់ ស្មើ១០៤%, ដូសទី២ ចាក់បានជាង៥២ម៉ឺននាក់ ស្មើ៩៤%, ដូសទី៣ ចាក់បានចំនួនជាង៣៥ម៉ឺននាក់ ស្មើ៦៧%, ដូសទី៤ ចាក់បានជាង១៣ម៉ឺននាក់ ស្មើ៣៧%, ដូសទី៥ (អាយុ៥ឆ្នាំឡើង) ចាក់បានជាង៣ម៉ឹននាក់ ស្មើ២៥%, និងដូសទី៦ (អាយុ១២ឆ្នាំឡើង) ចាក់បានជាង៣ពាន់នាក់ ស្មើ១២% បើធៀបនឹងដូសបន្ទាប់៕