(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនអតីតយុទ្ធជនចំនួន២០០នាក់ ដែលបានអញ្ជើញមកពីក្រុង-ស្រុកទាំង៩ នៃខេត្តរតនគិរី ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ ក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។
លោក ញ៉ែម សំអឿន បានឱ្យដឹងថា ការបំពាក់គ្រឿងឥស្សរិយយស (មេដាយ) ជូនសមាជិកអតីតយុទ្ធជនខេត្តរតនគិរី គឺដើម្បីឆ្លើយតបទៅនឹងពលីកម្មដ៏ស្មោះស្ម័គ្ររបស់អតីតយុទ្ធជនកម្ពុជា ដែលត្រូវបានចាត់ទុកថាជាគំរូវីភាពស្នេហាជាតិដ៏ឧត្តុងឧត្តម មានគុណបំណាច់ដ៏ធំធេង់ចំពោះជាតិមាតុភូមិ។
លោកអភិបាលខេត្តក៏បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនក្នុងខេត្តរតនគិរី ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែកជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ។
លោក ញ៉ែម សំអឿន បានថ្លែងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ លោកមានការយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះអតីតយុទ្ធជន រាប់ទាំងយុទ្ធជនដែលបានពលី និងពិការ រួមទាំងក្រុមគ្រួសារ តាមរយៈការយកចិត្តទុកដាក់លើជីវភាពរស់នៅជាមួយការឧបត្ថម្ភនានាផងដែរ។
លោកបន្តថា វីរភាពរបស់អតីតយុទ្ធជនក្នុងការចូលរួមរំដោះប្រទេសជាតិ និងទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត មិនឱ្យវិលត្រឡប់មកវិញ គឺជាគុណបំណាច់ដ៏ថ្លៃថ្លាធំធេងពុំអាចកាត់ថ្លៃបានឡើយ បានលះបង់សាច់ស្រស់ឈាមស្រស់របស់ខ្លួនដើម្បីជាតិមាតុភូមិ។ដូចនេះក្នុងនាមអ្នកដែលកំពុងរស់រានមានជីវិតក្នុងសង្គមដែលពោរពេញដោយសន្តិភាព មានការដឹងគុណ នឹងសូមថ្លែងអំណរគុណចំពោះអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនយើងទាំងអស់ ចំពោះការលះបង់មួយនេះ។
លោកបានចែកថវិកាសមាគមជូនអតីតយុទ្ធជនទាំង២០០នាក់ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល និងសារុង១។ ដោយឡែក អតីតយុទ្ធជនដែលមានពិការភាព លោក ញ៉ែម សំអឿន បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម៥ម៉ឺនរៀលទៀតផងដែរ៕