(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការ បង្ក្រាបក្រុមចោរកាច់កម៉ូតូ និងចែកចាយ ប្រើប្រាស់គ្រឿងញៀន ចំនួន៤នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនផងដែរ។

សម្រាប់ប្រតិបត្តិការបង្ក្រាបក្រុមកាច់កម៉ូតូ លោក កុល ផល្លី ស្នងការរងនគរបាលបានបញ្ជាក់ថា នៅថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវសើុបអង្កេត ដោយយកចិត្តទុកដាក់ ករណីចោរកម្ម (កាច់បំបែកសោកម៉ូតូ) នៅក្នុងសាលាបឋមសិក្សាផ្សាលើ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី ២២ ខែកក្កដា ២០១៦ ដែលជាលទ្ធផលយើងបង្ក្រាបបាន ទាំងស្រុងជនសង្ស័យ ចំនួន២នាក់ និងវត្ថុតាងចាប់យកបាន ម៉ូតូ សេ១២៥ ចំនួន១គ្រឿង ដែកជាឧបករណ៍ ចាក់បំបែកសោរកម៉ូតូ ចំនួន៤ដើមផងដែរ។

ជនសង្ស័យទី១ ឈ្មោះ ទូច យ៉េត ហៅសីហា ហៅ វីរះ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ មុខរបរគ្មាន (ធ្លាប់ជាប់ពន្ធនាគាព្រៃសចំនួន៦ឆ្នាំ ពីបទប្លន់ប្រដាប់អាវុធ ) ជាចារីដៃដល់ និងទី២ឈ្មោះ យូរី ហៅរី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល  D30 ផ្លូវលំ ក្រុម១ ភូមិតំណាក់ធំ ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ពីបទសមគំនិត និងទទួលផលចោរកម្ម។ ជនរងគ្រោះឈ្មោះ ព្រហ្ម សុជាតិ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរសិស្ស នៅភូមិ សង្កាត់៤ ក្រុងព្រះសីហនុ។

លោក កុល ផល្លី បានបន្តថា បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះ និងការចង្អុលបង្ហាញបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួល ពីលោកស្រី ចាត សូររស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត  ការិយាល័យនគរបាលព្រហ្ម បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមជំនាញ ទើបយើងបានកំណត់អត្តសញ្ញាណជនសង្ស័យ ក្រោយពីធ្វើសកម្មភាព ហើយវាបានយកម៉ូតូទៅលក់ នៅរាជធានីភ្នំពេញ។

នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ យើងបានសហការជាមួយកម្លាំងជំនាញ ការិយាល័យនគរបាលព្រហ្មកម្រិតធ្ងន់ នៃស្នងការនគរបាល រាជធានីភ្នំពេញ តាមចាប់ជនសង្ស័យឈ្មោះ យូ រី និងដកហូតបានម៉ូតូ សេ១២៥ សេរីឆ្នាំ២០១៥ ចំនួន១គ្រឿង (ពាក់ព័ន្ធបទសមគំនិត និងទទួលផលចោរកម្ម )។

ដោយឡែកសម្រាប់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀនវិញ ក្រោយពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពាក់ព័ន្ធករណី​ជួញដូរចែកចាយគ្រឿងញៀន នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងជំនាញបានចេញប្រតិបត្តិការបង្ក្រាប នៅចំណុចចង្កេះភ្នំ ក្នុងឃុំជើងគោ ស្រុកព្រៃនប់។

ក្នុងកិច្ចប្រតិបត្តិការនោះ ដោយភូមិសាស្ត្រមិនអំណោយផល (ក្នុងព្រៃ) ធ្វេីឲ្យជនសង្ស័យដឹងខ្លួនបានបំផ្លាញវត្ថុតាងចោល ហើយរត់គេចខ្លួន ភ្លាមៗនោះ កម្លាំងជំនាញ ដេញប្រផាប់ចាប់ប្រផីង តែចាប់មិនបាន។

នៅកន្លែងកើតហេតុ កម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន៖ ជញ្ជីងថ្លឹងគ្រឿងញៀន​ ១គ្រឿងកាំភ្លើងកែឆ្នៃ1ដើម និងប្រដាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។ ពេលកម្លាំងជំនាញចេញពីកន្លែងកើត ស្រាប់តែប្រទះឃើញយុវជន ២នាក់ កំពុងជិះម៉ូតូចូលទៅទីនោះ (1-ឈ្មោះ យើ សាំ ភេទប្រុស ឆ្នាំកំណើត ១៩៩១ ,2-ឈ្មោ យើត ម៉ាន ភេទប្រុស ឆ្នាំកំណើត១៩៨៦ មានទីលំនៅឃុំទឹកថ្លា ស្រុកព្រៃនប់) ៕

ក្រោយពីធ្វើការសាកសួរទើបដឹងថា៖ ពួកគេទៅទិញថ្នាំញៀនជក់នៅចង្កេះភ្នំ (កន្លែងដែលសមត្ថកិច្ចចុះទៅបង្ក្រាប )។ សម្រាប់ជនសង្ស័យទាំង៤នាក់ ត្រូវបានបន្តសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕