(ភ្នំពេញ)៖ ដោយទទួលបានអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានប្រគល់ថវិកាចំនួន ២០ម៉ឺនដុល្លារ ដែលប្រមូលបានមកពីកម្មវិធី «ខួប ៣ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន និងរថយន្ត» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី ឲ០៧-០៨ មីនា ឆ្នាំ២០២៣ ជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។

ពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌នេះដែរបានធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមទទួលពីលោកសាស្រ្តាចារ្យ ញឹប អង្កាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងលោក គី សង់ទី ប្រធានមន្ទីពេទ្យគន្ធបុប្ផា ​រួមទាំងមានអ្នកពាក់ព័ន្ធចូលរួមជាច្រើនទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះថា «ដោយមានការឯកភាពពីសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យគណកម្មាធិការគ្រប់គ្រងផ្លាកលេខឡានពិសេស និងផ្លាកលេខឡានពិសេសផ្ទាល់ខ្លួននេះ យកថវិកាដែលបានមកពីការៀបចំប្រគំតន្ត្រីរលឹកខួបលើកទី៣ឆ្នាំ នៃការប្រើប្រាស់ផ្លាកលេខឡានពិសេសផ្ទាល់ខ្លួននេះ ដោយយកថវិកានោះដើម្បីផ្តល់ជូនមន្ទីពេទ្យគន្ធបុប្ផា ១០ម៉ឺនដុល្លារ និងមន្ទីពេទ្យកុមារជាតិ ១០ម៉ឺនដុល្លារ ដែលចំណូលនេះបានមកពីការលក់ផ្លាកលេខឡានពិសេសផ្ទាល់ខ្លួន និងផ្លាកលេខឡានពិសេស»

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លាកលេខឡានពិសេសផ្ទាល់ខ្លួន បានចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០៧ មករា ២០២០ ហើយគិតមកដល់ខែឱសភា ឆ្នាំ២០២៣នេះ ក្រសួងបានលក់ផ្លាកលេខឡានពិសេសផ្ទាល់ខ្លួន បាន ១៩០០០ផ្លាក ទទួលបានថវិកា ៣៣លានដុលា្លរ និងលេខពិសេស គិតចាប់ពីចាប់ផ្តើមលក់អនឡាញមក លក់បានចំនួន ២៨ពាក់ផ្លាកលេខ បានថវិកា ៦២លានដុល្លារ ដែលថវិកាទាំងអស់នេះ បានចូលទៅក្នុងថវិកាជាតិ និងមានមួយចំនួនទៀត បានចូលទៅក្នុងកាកបាទក្រហមកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងការបរិច្ចាគថវិកាពីការលក់ផ្លាកលេខពិសេសផ្ទាល់ខ្លួននេះ ក្រសួងក៏ធ្លាប់បានផ្តល់ថវិកាជូនមន្ទីពេទ្យគន្ធបុប្ផា ២០ម៉ឺនម្តងរួចហើយ ដែលថវិកាបានមកពីការលក់ផ្លាកលេខឡានពិសេសផ្ទាល់ខ្លួនលេខ ផ្លាកលេខកម្ពុជា «២» ដែលមានតម្លៃ ២០ម៉ឺនដុល្លារ។ ក្រសួងក៏បានផ្តល់ថវិកា ២០ម៉ឺនដុល្លារដូចគ្នាទុកសម្រាប់កសាងផ្ទះដល់អតីតយុទ្ធជន ពេលដែលក្រសួងលក់បានផ្លាកលេខពិសេសផ្ទាល់ខ្លួនលេខ «៥» ផងដែរ៕