(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍ពីខេត្តតាកែវ បានឲ្យដឹងថា សពលោក កែម ឡី បានហែរដល់ស្រុកកំណើតរបស់លោកនៅស្រុកត្រាំកក់ ខេត្តតាកែវហើយ នឹងត្រៀមបញ្ចុះនៅព្រឹកថ្ងៃស្អែកទី២៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១១៖៣០នាទី។ សពរបស់លោកបណ្ឌិត កែម ឡី ត្រូវបានដង្ហែចេញពីវត្តចាស់ ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណ៧ព្រឹកមិញ។
អាជ្ញាធររាជធានីភ្នំពេញ ដែលឈររៀបចំសណ្តាប់ធ្នាប់នៅក្នុងពិធីដង្ហែបានឲ្យដឹងថា មានប្រជាពលរដ្ឋប្រមាណជាង១ម៉ឺននាក់ដែលបានចូលរួមហែសព មិនមែនដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួន និងបណ្តាញទំនាក់ទំនងសង្គមថា មានជាង១លាន ឬ២លាននាក់នោះទេ។ អាជ្ញាធរថា នេះជាព័ត៌មានបំផ្លើស និងបំប៉ោងតួលេខតែប៉ុណ្ណោះ។ ក្រៅពីនោះសមត្ថកិច្ចបានអំពាវនាវចំពោះជនមួយចំនួន ដែលបានយករូបភាពរបស់តារាចម្រៀង ឬតារាសម្តែងរបស់ខ្មែរ ទៅបង្ហោះពាក់ព័ន្ធនឹងសកម្មភាពហែរសពលោក កែម ឡី ព្រឹកមិញនេះ ព្រោះរូបនោះជារូបភាពតាំងពីជំនាន់ កាន់ទុក្ខសម្តេចឪមកម៉្លេះ។ សូមកុំបំផ្លើសព័ត៌មាននេះ អាចធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ។
សមាគមមិត្តសិល្បៈជួយសង្គម អំពាវនាវបញ្ឈប់ការយករូបភាពរបស់តារាចម្រៀង ទៅបង្ហោះពាក់ព័ន្ធនឹងសកម្មភាពហែរសពលោក កែម ឡី។
សូមជំរាបថាកាលពីព្រឹកមិញ សាលារាជធានីភ្នំពេញ បានប្រកាសច្រានចោលព័ត៌មានថា អាជ្ញាធរមានការហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលរួម និងមានការកត់ឈ្មោះ ទើបចូលរួមហែសពលោក កែម ឡី នៅព្រឹកថ្ងៃអាទិត្យនេះ, លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបញ្ជាក់ថា អាជ្ញាធរមានភារកិច្ចតែមួយគត់គឺការពារសន្តិសុខជូនប្រជាពលរដ្ឋ។
លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ សូមប្រកាសបដិសេធចំពោះព័ត៌មានមួយចំនួន ដែលបាននិយាយបំភ្លើសការពិតរបស់ជនអគតិមួយចំនួន ដែលបំប៉ោងព័ត៌មានខុសការពិត។ លោកបានបន្តថា វាទង្វើមួយបង្កភាពចលាចលក្នុងសន្តិសុខសង្គមកម្ពុជា៕