(សៀមរាប)៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញបិទវគ្គបំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម ទប់ទល់ប្រឆាំងភេរវកម្ម ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះអគ្គីភ័យ ជំនាញសង្គ្រោះជនរងគ្រោះដោយឧបករណ៍ជំនួយស្វ័យប្រវត្តិ របស់កងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ដែលមានសិក្ខាកាម ចំនួន១៦៥រូប។
លោកបានផ្តាំផ្ញើការនឹករលឹកសាកសួរសុខទុក្ខពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ជូនដល់នាយ នាយរង និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាមន្ត្រីនគរបាលជាតិ ទូទាំងប្រទេស ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម និងការដណ្តើមស្នាដៃ ជូនជាតិមាតុភូមិ នាពេលកន្លងមក និងកំពុងបន្តអនុវត្ត នាពេលបច្ចុប្បន្ន និងទៅអនាគត។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ថ្នាក់ ដឹកនាំនាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលខេត្ត គណៈគ្រប់គ្រងវគ្គ គ្រូឧទ្ទេសនាម និងមន្ត្រីក្រោមឱវាទ ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងចាត់ចែងដំណើរការវត្តនេះ ប្រព្រឹត្តទៅដោយរលូន និងតាមផែនការដែលបានកំណត់។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានគូសរំលេចថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃកម្ពុជា បានបន្តដាក់ចេញនូវ គោលនយោបាយ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ ទៅលើការធ្វើ ទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បានធ្វើការប្តេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាពភូមិឃុំសង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ រស់នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញាការពារឯករាជ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។
ដើម្បីឈានទៅសម្រេច នូវគោលនយោបាយនេះ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញ នូវផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងព្រមទាំងបានផ្តល់ការ គាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និង ហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាព វិជ្ជាជីវៈ ពង្រឹងគុណភាពអប់រំ បណ្ដុះបណ្ដាល និងលើកកំពស់ក្រមសីលធម៍វិជ្ជាជីវៈ ដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាន នូវភាពជាម្ចាស់ការ លើការងារ បណ្តុះបណ្តាល ដោយកាត់បន្ថយ ការបញ្ចូលមន្ត្រីនគរបាលជាតិ ទៅសិក្សា ឬបណ្តុះបណ្តាលនៅក្រៅប្រទេស។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា «វគ្គបំប៉នជំនាញនាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំងប្រដាប់អាវុធ ប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិយើងតែម្តង សំដៅធានា ដល់ការចូលរួមការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការ ទប់ស្កាត់ បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ បង្ក្រាបរាល់ សកម្មភាពភេរវកម្ម រំដោះចំណាប់ខ្មាំង ការចាប់ខ្លួនជនល្មើសបែប VIP សង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ»។
វគ្គបំប៉ននេះ គឺកើតចេញពីការអនុវត្តន៍នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ធ្វើការចង្អុលបង្ហាញ ដឹកនាំ បញ្ជាសំដៅពង្រឹងសមត្ថភាព មន្ត្រីនគរបាលជាតិបន្ថែមទៀត លើការរៀបចំយុទ្ធសាស្ត្រ យុទ្ធវិធីឲ្យស្របតាមតួនាទីភារកិច្ចរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលទាមទារឲ្យអស់លោកជាសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់យកទៅអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវ តាម
មុខជំនាញរៀងៗខ្លួន។
នៅចំពោះមុខកងកម្លាំងនគរបាលជាសិក្ខាកាម លោកឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំដូចខាងក្រោម៖
*ទី១៖ គោរពឲ្យបាននូវរាល់បទបញ្ញត្តិ ច្បាប់រដ្ឋ និងចូលរួមអោយសកម្ម ក្នុងការអនុវត្តន៍គោលនយោបាយ កែទំរង់កងកំលាំងប្រដាប់អាវុធ ធ្វើជាឆ្អឹងខ្នងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ដើម្បីដំណើរការស្តារ និងអភិវឌ្ឍន៍ ប្រទេសលើគ្រប់វិស័យ។
*ទី២៖ ត្រូវយកចិត្តទុកដាក់ បន្តការតស៊ូអត់ធន់ លះបង់ខ្ពស់បំផុត ប្រកាន់ឲ្យសបានខ្ជាប់ខ្ជួននូវវិន័យ សេចក្ដីថ្លៃថ្នូរឲ្យសក្តិសមជានគរបាលជាតិ ដ៏អង់អាចក្លាហាន របស់ប្រទេសជាតិ។
*ទី៣៖ ត្រូវសហការឲ្យបានជិតស្និទ្ធ បំបាត់ឲ្យបាននូវភាពអសកម្មទាំងឡាយ ចៀសវាងនូវការប្រព្រឹត្តបទ ល្មើសផ្សេងៗ ដូចជាសេពគ្រឿងញៀនជួញដូរមនុស្ស លួច ឆក់ ប្លន់ ជាដើម។
*ទី៤៖ បង្កើនវិធានការ ការគ្រប់គ្រង ថែរក្សាការពារសំភារៈ ឧបករណ៍ អាវុធជាតិផ្ទុះ អោយបានគង់វង្ស មិនធ្វេសប្រហែស ដោយប្រការណាមួយ ធ្វើឲ្យធ្លាក់ដល់ដៃជនទុច្ចរិត យកទៅប្រព្រឹត្តបទល្មើសផ្សេងៗ ជាហេតុបង្កឲ្យមាន អសន្តិសុខ អស្ថិរភាព ក្នុងសង្គមជាតិនោះឡើយ។
*ទី៥៖ តៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជា ក្នុងការជួយអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះ គ្រោះមហន្តរាយគ្រប់បែបយ៉ាងជាយថាហេតុ។
*ទី៦៖ យកចិត្តទុកដាក់លើការថែរក្សា សុខមាលភាព ធ្វើយ៉ាងណាឲ្យចៀសផុតពីមេរោគកូវីត១៩ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ក្លាយជាកំលាំងដ៏ខ្លាំងក្លាលើកិច្ចការពារ សន្តិសុខ សុវត្ថិភាព ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល ដែលប្រសូតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ពិសេសការពារប្រជាជាតិកម្ពុជា ឲ្យរស់នៅក្នុងសុខសន្តិភាព និងសុភមង្គល។
*ទី៧៖ មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងតស៊ូ លត់ដំរៀនសូត្រផ្នែកទ្រឹស្តី ទាមទារឲ្យមានការយល់ដឹងច្បាស់លាស់ អំពីបច្ចេកទេសជំនាញ និងមានសមត្ថភាពគ្រប់គ្រាន់ ធានាបានសុវត្ថិភាព ១០០% នៅពេលអនុវត្តន៍ភារកិច្ចជាក់ស្ដែង នៅពេលខាងមុខ។
*ទី៨៖ តៀមលក្ខណៈជានិច្ច រង់ចាំទទួលបទបញ្ជាសហការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការ ឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រអាណ្ណត្តិទី៧ នាពេល ខាងមុខ។
ជាទីបញ្ចប់នេះ លោកឧត្តមសេនីយ៍ឯក លន់ សុផាត ក៏បាននាំថវិកាចំនួន១០លានរៀល ជូនស្នងការដ្ឋាននគរបាលខេត្តសៀមរាបផងដែរ៕