(ភ្នំពេញ)៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួប ពិភាក្សាការងារជាមួយ លោក Ueno Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជាស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះចំណងទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ រយៈពេល ៧០ឆ្នាំមកនេះ ហើយជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងដំណើរស្វែងរកសន្តិភាព និងទ្រទ្រង់ដល់ការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។

លោកគូសរំលេចថា «ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបានទេនូវគុណបការៈដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា រួមទាំងការពលីជីវិតរបស់កុលបុត្រជប៉ុនចំនួនពីររូប ដើម្បីបុព្វហេតុជាតិកម្ពុជា ដែលជាកងកម្លាំងការពារសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីសម័យអ៊ុនតាក់ (១៩៩០-១៩៩៣) រួមមាន លោក Haruyuki អតីតមន្ត្រីប៉ូលីសជប៉ុន បានស្លាប់នៅខេត្តឧត្តរមានជ័យ និងលោក Atsuhito Nakata បានស្លាប់នៅខេត្តកំពង់ធំ»

ទេសរដ្ឋមន្រ្តី បានបន្តទៀតថា ដោយឡែក ការសម្រេចបាននូវសមិទ្ធផលការងារបោសសម្អាតមីន រយៈពេល ៣០ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយ។ ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមដល់ការងារសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ ក្នុងទំហំជំនួយវិស័យមីនជាង ២០០លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងនាមនោះរួមមាន គម្រោងសមាហរណកម្មបោសសម្អាតមីន ជួយរងគ្រោះដោយសារមីន ជំនួយសម្ភារបច្ចេកទេសបោសសម្អាតមីន កិច្ចសហប្រតិបត្តិការបច្ចេកទេស កម្មវិធីហ្វឹកហ្វឺន South-South Cooperation និងគម្រោងហ្វឹកហ្វឺនមន្រ្តីជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន។

ឆ្លៀតយកឱកាសនោះ ក្នុងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរាជរដ្ឋាភិបាលជប៉ុន បន្តជួយគាំទ្រដល់អង្កភាពស៊ីម៉ាក់ លើការងារបោសសម្អាតនៅខេត្តពោធិ៍សាត់ ដើម្បីប្រែក្លាយជាខេត្តអស់មីន។

លោក Ueno Atsushi បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ជប៉ុន ដែលទំនាក់ទំនងនេះបានឈានដល់កម្រិតជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ឯកអគ្គរាជទូតជប៉ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិយ៉ាងជិតស្និទ្ធ ហើយប្រទេសជប៉ុន នៅតែបន្តគាំទ្រដល់កិច្ចប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌កម្ពុជា និងបន្តគាំទ្រដល់ គម្រោង កម្មវិធីសហប្រតិបត្តិការត្បូង-ត្បូង (South-South Cooperation) ជាមួយអង្គភាពស៊ីម៉ាក់ តាមរយៈ JICA ជាពិសេសហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីននៃប្រទេសអ៊ុយក្រែន ក៏ដូចជាបណ្តាប្រទេសដទៃទៀត តាមសំណូមពរជាក់ស្តែង៕