(ក្រចេះ)៖ លោក សេង ថានី ប្រធានក្រុមការងារគ្រប់គ្រង សិស្ស-និសិ្សតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក សមាជិកាសមាគម អ.ម.ត. នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តក្រចេះ។
ថ្លែងក្នុងឱកាសនោះ លោក វ៉ា ថន បានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពការងារ របស់ក្រុមការងារគ្រប់គ្រងសិស្ស-និស្សិត អ.ម.ត ខេត្តក្រចេះ រួមជាមួយនឹងការអបអរសាទរ ចំពោះការប្រកាសបញ្ចូលសមាជិក សមាជិកាថ្មីបន្ថែមទៀត ចំនួន១០២នាក់នៅពេលនេះ។
លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់សិស្ស និស្សិតនូវការកត់សម្គាល់អំពីសមិទ្ធផល និងវឌ្ឍនភាពរីកចម្រើនជាលំដាប់លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា រួមទាំងវិស័យអប់រំ និងកីឡា ដោយធៀបទៅនឹងការលំបាកខ្វះខាត ដែលកម្ពុជាធ្លាប់បានជួបប្រទះកាលពីអតីតកាល។
លោកក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅទូទាំងប្រទេសចំពោះការផ្តល់ទំនុកចិត្តជូន សម្តេចតេជោ ហ៊ុន សែន ដែលតែងគិតគូរជានិច្ចលើការការពារអាយុជីវិត និងការបង្កើនជីវភាព ព្រមទាំងឱកាសគ្រប់បែបយ៉ាង សម្រាប់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈការកំណត់យកវិស័យអប់រំជាវិស័យអាទិភាពខ្ពស់បំផុត។
ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ដែលតែងបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីចែកជូនសិស្ស-និស្សិតខ្វះលទ្ធភាព។ នេះកាយវិការ និងទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ក្នុងការកសាងនូវពន្លកអនាគតច្បាស់លាស់ រឹងមាំ និងត្រចះត្រចង់មួយ សម្រាប់ពួកគេតាមរយៈការទទួលបានឱកាសចាប់យកអាជីព ការងារល្អប្រសើរ នៅពេលបញ្ចប់ការសិក្សា ដោយនេះគឺជាបំណងប្រាថ្នាធំបំផុតរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់និស្សិតអាហារូបករណ៍ អ.ម.ត គ្រប់រូប៕