(ស្វាយរៀង)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្ដចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋឃុំក្រោលគោ ឃុំស្វាយអង្គ និងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានចំនួន៩៨៥នាក់ (ស្រី៦៨៧នាក់)។

ពិធីនេះ ក៏មានការចូលរួមពី លោក អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង, លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង តំណាងលោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ថ្នាក់កណ្តាល និងក្រុមការងារ និងលោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ ព្រមទាំងអាជ្ញាធរដែនដី។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានឲ្យដឹងថា ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀងចំនួន១១៧នាក់ បានចុះពិនិត្យ និងព្យាបាល ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបានចំនួន៣ឃុំ គឺឃុំស្វាយអង្គ ឃុំក្រោលគោនិងឃុំស្វាយយា នៃស្រុកស្វាយជ្រំ ដែលជាការគិតគូររបស់លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រលោក ហ៊ុន ម៉ានី។

លោកវេជ្ជបណ្ឌិត គុជ សុីថា បានសង្កត់ធ្ងន់ថា ការពិនិត្យ និងព្យាបាលជំងឺពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង នាពេលនេះរួមមាន ជំងឺទូទៅមនុស្សចាស់បានចំនួន៤២៦នាក់, ជំងឺទូទៅកុមារ បានចំនួន២៣៧នាក់, ជំងឺស្ត្រីចំនួន៩៦នាក់, អេកូសាស្រ្តចំនួន៣៧នាក់, វះកាត់តូចចំនួន១៥នាក់, ជំងឺភ្នែកចំនួន១៣៥នាក់ និងសុខភាពមាត់ធ្មេញចំនួន៣៩នាក់។

ក្នុងឱកាសនោះ លោក អ៊ុយ ថន ក៏បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ដែលជានិច្ចកាសម្ដេចតែងតែនឹករលឹកដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀង ហើយក៏បានផ្ដាំផ្ញើឲ្យថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

លោកបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃនាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់សុខមាលភាពជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរនៅតាមមូលដ្ឋាន ហើយបានរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃនេះផងដែរ។

លោក អ៊ុយ ថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅស្រុកស្វាយជ្រំ ក៏ដូចនៅខេត្តស្វាយរៀងទាំងមូល សូមត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ អញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕