Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខេត្តបន្ទាយមានជ័យ សម្រេចការបង្កបង្កើនផលស្រូវបានជាង៨៤ភាគរយ លើផែនការ២៦ម៉ឺនហិចតា នៅឆ្នាំ២០២៣

21-06-2023 13:00

(បន្ទាយមានជ័យ)៖ គិតត្រឹមថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ខេត្តបន្ទាយមានជ័យ សម្រេចការបង្កបង្កើនផលដំណាំស្រូវ បានចំនួន៨៤.៥ភាគរយ លើផែនការ២៦ម៉ឺនហិចតា ក្នុងឆ្នាំ២០២៣នេះ។ នេះបើតាមការឲ្យដឹងពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ថ្លែងប្រាប់ភ្នាក់ងារ Fresh News។

ជាមួយនឹងលទ្ធផលដែលស​ម្រេចបាននៅពេលនេះ លោក ប៉ាង វណ្ណាសេដ្ឋ បានបន្ថែមទៀតថា សម្រាប់ចំនួននៅសេសសល់មិនទាន់បានបង្កបង្កើនផលនៅមាន ស្រុកស្វាយចេក, ស្រុកថ្មពួក និងស្រុកម៉ាឡៃ ជាតំបន់ដីដឺមិនទាន់មានភ្លៀង។

លោកប្រធានមន្ទីរបានអះអាងទៀតថា ការបង្កបង្កើនផលស្រូវនេះ បើប្រៀបធៀបឆ្នាំមុនហាក់មានល្បឿនលឿនជាង ដោយមានភ្លៀងធ្លាក់នៅដើមដៃ។

ជាក់ស្តែង ប្រជាកសិករនៅស្រុកមង្គលបូរី បានបង្កើនផលស្រូវស្ទើតែរួចរាល់ មានកន្លែងខ្លះត្រូវបានបាញ់ថ្នាំដាក់ជីជាបណ្តើរៗ ដែលមានរយៈពេលជិត១ខែ។ ក្នុងនោះ ភាគច្រើនត្រូវបានបង្កបង្កើនផលស្រូវ មិនប្រកាន់រដូវដូចជាស្រូវសែនក្រអូប និងស្រូវអ៊ីអ៊ា និងស្រូវស្រង៉ែ និងស្រូវកណ្តាលកណ្តាលដូចជាស្រូសូម៉ាលី ម្លិះ និងផ្ការំដួលជាដើម។

ប្រជាកសិករបានបញ្ជាក់ថា នៅស្រុកមង្គលបូរី ពេលបុណ្យចូលឆ្នាំរួចរាល់មានភ្លៀងធ្លាក់ម្តងជាពីរដង គឺប្រជាកសិករបានចាប់ផ្តើមភ្ជួរដាស់ដីហាលហើយព្រួសជាបណ្តើរៗ តែអកុសលនៅដើមរដូវមានភ្លៀងតិចតួច ពេលស្រូវដោះរាំងភ្លៀងមានកន្លែងខ្លះស្រូវទើបដោះត្រូវបានងាប់ភ្ជួរចោលព្រួសថ្មី និងខ្លះទៀតនៅសល់ខ្មៅដោះច្រើន តែពេលនេះភ្លៀងធ្លាក់ដោយកន្លែងប្រជាកសិករខ្លះបាញ់ថ្នាំព្រួសជី អាចរយៈពេល២ទៅ៣ខែទៀត នឹងប្រមូលផលស្រូវមិនប្រកាន់រដូវជាបណ្តើរៗ៕