(កំពត)៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត បន្តបើកបណ្តុះបណ្តាលបង្កើនចំណេះដឹងពីបញ្ហាគ្រឿងញៀន ដល់ក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា សាខាខេត្តកំពត។
លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានថ្លែងថា ព្រះប្រទានពរ ការស្រឡាញ់អ្នកដ៏ទៃដូចស្រឡាញ់ខ្លួនឯង មានន័យថាការជួយសមាជិក ឬគ្រួសារយើងចៀសផុតបានពីបញ្ហាគ្រឿងញៀន យើងគួរជួយសមាជិក និងក្រុមគ្រួសារអ្នកជិតខាងឱ្យចៀសចាកផុតដូចយើងដែរ។
ក្នុងនាមលោក ម៉ៅ ធនិន អភិបាលខេត្តប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពត, ឱកាសនោះលោក ខៀវ រិទ្ធីភ័ណ្ឌ អភិបាលរង បានពាំនាំការសួរសុខទុក្ខ និងអរគុណប្រជាពលរដ្ឋអ្នកកំពតពិសេស ពួកជំនុំ គ្រូកង្វាល សមាជិកក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជាសាខាខេត្តកំពត ដែលបាននិងបន្តចូលរួមចំណែកអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។
ថ្លែងក្នុងនាម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានថ្លែងអំណរគុណ និងកោតសសើរគ្រីស្ទបរិស័ទដែលបានចូលរួម ចំណែកអនុវត្តបាននូវនយោបាយសុខដុមនីយកម្មសាសនា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន មានសន្តិសុខ មានសន្តិភាព និងការអភិវឌ្ឍ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ សំណូមពរដល់គ្រីស្ទបរិស័ទទាំងអស់សូមយកចំណេះដឹង នៃវគ្គបណ្តុះបណ្តាលនេះយកទៅការពារខ្លួនយើង ក្រុមគ្រួសារយើង និងជួយអ្នកជិតខាង គ្រួសារអ្នកជិតខាង កុំឱ្យមានបញ្ហាគ្រឿងញៀន ដូចព្រះបន្ទូលព្រះ កុំប្រព្រឹត្ដិអំពើបាប ត្រូវស្រឡាញ់អ្នកជិតខាងឱ្យដូចស្រឡាញ់ខ្លួនយើងដែរ គ្មានអ្នកប្រើគ្រឿងញៀនគឺគ្មានអ្នកលក់គ្រឿងញៀន៕