(បាត់ដំបង)៖ ប្រតិភូផ្នែកឃោសនាអប់រំ ដឹកនាំដោយលោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ធីដា (TYDA)។
នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញទៅសួរសុខទុក្ខលោក ឆាយ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ដល់គេហដ្ឋាននៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នាឱកាសនោះលោក ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេច លោក លោកស្រី ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះលោក ឆាយ សារ៉េត និងក្រុមគ្រួសារ។
លោក ឆាយ សារ៉េត បានថ្លែងថា «គ្រួសារយើងខ្ញុំពិតជាមានក្តីរំភើបរីករាយយ៉ាងខ្លាំងឥតឧបមា ដោយមិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ ហើយយើងខ្ញុំសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរ សុខទុក្ខរូបខ្ញុំ និងក្រុមគ្រួសារដល់លំនៅដ្ឋាន»។
លោកបានបញ្ជាក់ពីការគាំទ្រចំពោះបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ ខាងមុខនេះ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត ដើម្បីធានារក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត។
លោកបានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយដោយក្តីស្រឡាញ់រាប់អានជាទីបំផុត និងសូមកោតសរសើរដោយស្មោះចំពោះយុវជនគណបក្សថ្នាក់កណ្តាល ក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ហើយលោកក៏បានលើកទឹកចិត្តដល់យុវជនគណបក្សទាំងអស់ត្រូវ៖
*ទី១៖ យុវជនជំនាន់ក្រោយ ត្រូវសិក្សារៀនសូត្រតាមគំរូវីរភាពនៃការតស៊ូ និងការដឹកនាំរបស់សម្ដេចតេជោ ដើម្បីបន្តរក្សាសុខសន្តិភាព និងការអភិវឌ្ឍ
*ទី២៖ សូមសម្តែងការកោតសរសើរ គាំទ្រ ដោយស្មោះអស់ពីដួងចិត្ត ចំពោះគំនិតផ្តួចផ្តើមរបស់បណ្ឌិតក្មួយ ហ៊ុន ម៉ាណែត និងការចាត់តាំងឲ្យមានការសួរសុខទុក្ខព្រឹទ្ធាចារ្យពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ និងសូមសំណូមពរពង្រីកសកម្មភាព នៃការសួរសុខទុក្ខនេះបន្ថែមទៀត ជាពិសេសចំពោះសមាជិកគណបក្សប្រជាជនកម្ពុជាយើង។
លោកបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧ មករា១៩៧៩ លោកបានចូលបម្រើការងារនៅខេត្តបាត់ដំបង ធ្វើជាប្រធានភូមិ អនុប្រធានឃុំ ក្រុមឃោសនាប្រដាប់អាវុធស្រុក អនុប្រធានយោធាស្រុកទទួលបន្ទុក នយោបាយ អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ស្រុក ប្រធានចាត់តាំងស្រុកថ្មគោល អនុប្រធានត្រួតពិនិត្យខេត្ត ប្រធានប្រតិបត្តិការកសាងស្រុកបវេល ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ស្រុកបវេល លេខាបក្សស្រុកថ្មគោល អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលរងទី១ ខេត្ត ជាសមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាអភិបាលរងទី១ខេត្ត អភិបាលខេត្តព្រៃវែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមប្រឹក្សា ខេត្តពោធិ៍សាត់ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល។
លោកប្រធានប្រតិភូ បានសម្តែងការកោតសរសើរនូវចំណេះដឹង ទេពកោសល្យ បទពិសោធន៍ការងារយ៉ាងច្រើនឥតគណនារបស់លោក ឆាយ សារ៉េត និងការលះបង់កម្លំាងកាយចិត្តនិងប្រាជ្ញាស្មារតី ក្នុងការចូលរួមចំណែកបម្រើ គណបក្ស ក៏ដូចជា ការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិជារៀងរហូតមក។
ក្នុងឱកាសដ៏មានអត្ថន័យនេះដែរលោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិកប្រតិភូបានប្រគល់វត្ថុអនុស្សាវរីយ៍របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក ឆាយ សារ៉េត និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សាលោក មានសុខភាពល្អ និងបានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាប្រការដទៃឡើយ៕