(បាត់ដំបង)៖ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនចំនួនដើមឈើ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង និងមូលនិធិម៉ាដក្សចូលីភីត (MJP) រួមគ្នាដាំដើមឈើឱ្យសម្បូរបែប និងមានពណ៌បៃតងស្រស់បំព្រងឡើងវិញ។ ការដាំដើមឈើនេះ ក៏ជាផ្នែកមួយស្តារឡើងវិញ នៃព្រៃឈើដែលរិចរិល នាកន្លងមកផងដែរ។

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំក្រុមការងារចូលរួមដាំដើមឈើឡើងវិញ នៅក្នុងសហគមន៍តាខេះមានជ័យ ដែលជាតំបន់ស្តារព្រៃឡើងវិញនៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឈើដែលបានជ្រើសរើសដាំមានប្រភេទ បេង នាងនួន ធ្នុងជាដើម។ ក្រៅពីនេះក៏មានដាំដើមត្របែកព្រៃ ដើមគ ដែលប្រភេទដើមឈើមានផ្កាផ្តល់មកវិញនូវផលសម្រាប់សត្វឃ្មុំ និងក្រៅពីនេះក៏មានផ្កាប្រភេទផ្សេងៗទៀតដែលមានលំអង ការដាំនេះក៏សម្រាប់ស្តារឡើងវិញនៃព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណីសម្រាប់សត្វឃ្មុំ ព្រោះថាសហគមន៍មួយនេះប្រជាពលរដ្ឋបានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់ប្រជាពលរដ្ឋក្រៅពីធ្វើចំការ។

លោករដ្ឋលេខាធិការ បានថ្លែងដោយបញ្ជាក់ថា «នេះជាចំណុចមួយដែលយើងមើលឃើញថា សហគមន៍គាត់ចាប់ផ្តើមយល់ ហើយពួកគាត់បានទទួលការបង្ហាត់បង្រៀនបច្ចេកទេសពីអង្កការដៃគូដើម្បីរៀនរបៀបចិញ្ចឹមឃ្មុំ ក្នុងសហគមន៍ក្នុងការបង្កើនចំណូល។ ការដាំស្តារឡើងវិញនៃព្រៃឈើសហគមន៍របស់គាត់មិនត្រឹមផ្តល់ផលប្រយោជន៍ជាដើមឈើទេ តែវាក៏ជាផ្នែកមួយបន្ថែមទៀតដែលអនុញ្ញាតឱ្យពួកគាត់ដាំដើមឈើសម្រាប់សត្វឃ្មុំក្រេបលំអងដើម្បីបានទឹកឃ្មុំលក់»

លោក សេង សម័យ នាយសង្កាត់ព្រៃឈើសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ថា៖ ក្នុងសហគមន៍ព្រៃឈើតាខេះមានជ័យ មានទំហំដី ១៣៥៣,២៨ហិកតា។សហគមន៍នេះបានចូលរួមដាំស្តារព្រៃឈើឡើងវិញ ព្រមជាមួយការចុះល្បាតការពារជាប់ជាប្រចាំ។ សហគមន៍មួយនេះ បានដាំដើមឈើចំនួន៣លើក មកហើយដែលសរុបមានចំនួន ១៤៥០ដើមដែលជាគម្រោងអង្គការដៃគូ។

លោកបានបញ្ជាក់បន្ថែមថា «កាលពីមុនពលរដ្ឋមានការប៉ះដៃយកដៃ ប៉ះជើងយកជើង ប៉ុន្តែក្រោយពីមានការផ្សព្វផ្សាយពួកគាត់បានយល់ជ្រួតជ្រាបពីច្បាប់ព្រៃឈើ និងច្បាប់ធនធានធម្មជាតិ ពួកគាត់មានការខ្លាចរអាក្នុងការកាប់ទន្រ្ទានព្រៃឈើ និងបទល្មើសផ្សេងៗផងដែរ»

លោក សេង សម័យ បានបញ្ជាក់ថា ក្នុងស្រុកសំឡូត មានសហគមន៍សរុបចំនួន១៤សហគមន៍។ នាពេលបច្ចុប្បន្នប្រជាសហគមន៍តាមតំបន់ព្រៃឈើតែងអាស្រ័យផលក្នុងការរកទឹកឃ្មុំ រកផ្សិត បន្លែបង្កានានាដែលជួយឱ្យជីវភាពពួកគាត់ល្អប្រសើរ។

គួរបញ្ជាក់ថា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានផែនការប្រែក្លាយតំបន់ឧទ្យានជាតិ និងដែនជម្រកសត្វព្រៃសទៅជាគោលដៅទេសចរណ៍ ឬតំបន់លំហែកាយដើម្បីបង្កើន និងលើកស្ទួយជីវភាពប្រជាសហគមន៍ដែលនេះគឺជាយុទ្ធសាស្រ្តការពារធនធានធម្មជាតិរយៈពេលយូរអង្វែង៕