(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិសាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ បានជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន តាំងពីថ្នាក់ភូមិ ឃុំ ស្រុក ដែលជាអ្នករស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងផ្តល់សេវាសាធារណៈជូនពួកគាត់ ជាពិសេសជម្រុញឲ្យប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា ទៅតាមគោលការណ៍កំណត់របស់រដ្ឋ ក្នុងនាមជាឪពុកម្តាយ ឬជាក្រុមគ្រួសារតែមួយ។
ការជម្រុញបែបនេះ ធ្វើឡើងនៅបរិវេណវិទ្យាល័យអូរតាប៉ោង ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងឱកាសលោកអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងឃុំអូរតាប៉ោង ដោយមានការចូលរួមពី លោកស្រី ឯម ប៉ុណ្ណា សមាជិការដ្ឋសភាមណ្ឌលពោធិ៍សាត់ លោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបប្រមាណ ២ពាន់នាក់។
លោក ម៉ៅ ធនិន បានលើកឡើងថា «ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងការកាត់បន្ថយភាពក្រីក្របានជាបណ្តើរៗ។ ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះយោគយល់ អធ្យាស្រ័យគ្នា កុំធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំ នាំឲ្យខាតបង់ទាំងថវិកា និងពេលវេលា។ ត្រង់ចំណុចនេះហើយ សូមឲ្យមេភូមិ មេឃុំ ផ្តោតការយកចិត្តទុកដាក់ ជួយដល់ពួកគាត់ ព្រោះយើងជាឪពុកម្តាយ ត្រូវតែបម្រើពួកគាត់ឲ្យអស់ពីកម្លាំងកាយចិត្ត»។
លោកបានបន្ថែមទៀតថា កុំយកតួនាទីខ្លួនទៅធ្វើអាជីវកម្ម កុំមានបក្សពួក គ្រួសារនិយម ដែលនាំឲ្យប៉ះពាល់ និងមានការថ្នាំងថ្នាក់ដល់មន្ត្រីក្រោមឱវាទ ជាពិសេសប្រជាពលរដ្ឋ ត្រូវគ្រប់គ្រងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឧត្តមកិត្តិក្នុងការទទួលខុសត្រូវ។
លោកអភិបាលខេត្តបានបញ្ជាក់ថា លោកនឹងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ ហើយទូរស័ព្ទទាំងពីរប្រព័ន្ធរបស់លោក នឹងបើករង់ចាំប្រជាពលរដ្ឋ Call ចូល ២៤ម៉ោង/២៤ម៉ោង ដើម្បីដោះស្រាយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឬក្នុងករណីដែលមានភាពអយុត្តិធម៌ណាមួយកើតមានឡើង។
ជាមួយគ្នានោះ លោកក៏បានជម្រាបទៅដល់ប្រជាពលរដ្ឋ សូមចូលរួមសហការគ្នា ក្នុងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព កុំពាក់ព័ន្ធទៅនឹងគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិត និងខាតបង់សម្ភារផ្សេងៗ។
ជាចុងបញ្ចប់លោកអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ក៏បានចែកជូនវត្ថុកំដរដៃ ដល់អ្នកចូលរួមប្រមាណ ២ពាន់នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង ១ផងដែរ៕