(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង តាមរយៈសេចក្ដីបំភ្លឺមួយបានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ស្ទឹងសែនដែលជាស្ទឹងប្រវត្តិសាស្ដ្រមួយរបស់ប្រទេសកម្ពុជា ត្រូវបានអ្នកមានអំណាចរំលោភបំពានយកដោយចាក់ដីចូល និងសាងសង់សំណង់រឹងនៅពីលើ។
សេចក្ដីបំភ្លឺព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តបាត់ដំបង បានអះអាងថា ការចុះផ្សាយព័ត៌មាននោះ មានចេតនាញុះញង់ បំភាន់បំភ្លៃការពិតក្នុងគោលបំណងមានចេតនាទុច្ចរិតវាយប្រហារមកលើអាជ្ញាធរក្នុងផ្លូវនយោបាយ ដែលកម្ពុជាកាន់តែកៀកឈានឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ខាងមុខ។
ក្រុមការងាររដ្ឋបាលខេត្ត រដ្ឋបាលស្រុកសង្កែ និងមន្ទីរ អង្គភាពជំនាញបានចុះទៅត្រួតពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងការដ្ឋាន ដោយពិនិត្យឃើញថាម្ចាស់ដីឈ្មោះ ចៅ ម៉ាដូនេត្រ នៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានសាងសង់អគារនៅលើដីរបស់ខ្លួនស្របតាមប្លង់កម្មសិទ្ធិ (វិញ្ញាបន់បត្រសម្គាល់ម្ចាស់អចលនវត្ថុ) មិនប៉ះពាល់ដីចំណីស្ទឹងសង្កែទេ និងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងទៅតាមលំនាំច្រាំងចាស់ មិនមានការរំលោភយកស្ទឹងដូចការចោទប្រកាន់នោះទេ។
ចំពោះបច្ចេកទេស នៃការសាងសង់ គឺលើកដីទប់សិនបន្ទាប់ពីសាងសង់រួចរាល់បានកាយដីចេញវិញអស់ហើយ មិនមានការរាំងស្ទះមុខទឹក ហើយថែមទាំងបានចាក់បេតុងសាងសង់ច្រាំងស្ទឹងនៅខាងមុខសាលាឃុំអូរដំបង១ ប្រវែង១,០០០ម៉ែត្រ ដើម្បីការពារការបាក់ដី គឺចំមុខទឹកបុកខ្លាំងនៅរដូវវស្សាធ្វើឲ្យបាក់ច្រាំងស្ទឹងជាបន្តបន្ទាប់ ស្ទើរតែធ្វើចរាចរណ៍ទៅមកលែងបាននៅលើដងផ្លូវមុខសាលាឃុំអូរដំបង១។
បច្ចុប្បន្នបានធ្វើការសាងសង់ផ្លូវបេតុងប្រវែង២,០០០ម៉ែត្ររួចរាល់ ធ្វើចរាចរណ៍ទៅមកងាយស្រួលបងប្អូនប្រជាពលរដ្ឋសាទរ ។ ដូចនេះសកម្មភាពចាក់ដីធ្វើច្រាំងស្ទឹង មិនមានផលប៉ះពាល់ដល់លំហូរទឹកស្ទឹងសង្កែទេ ប៉ុន្តែថែមទាំងបានការពារយ៉ាងរឹងមាំការបាក់ច្រាំងស្ទឹងសង្កែទៀតផង។ ចំពោះការចោទប្រកាន់ថាបុគ្គលនេះ ឬបុគ្គលនោះជាម្ចាស់កម្មសិទ្ធិលើដីដូចការចុះផ្សាយលើបណ្តាញសង្គម រដ្ឋបាលខេត្តបាត់ដំបងសូមច្រានចោលទាំងស្រុងនៅព័ត៌មានមិនពិតទាំងអស់នេះ៕