(ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានមកស្ថាប័នសំខាន់ៗនៅកម្ពុជា១៤រូប ដែលមាន លោក ពេជ្រ ប៊ុនសាយ តំណាងសារព័ត៌មាន Fresh News ផងនោះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបំពេញទស្សនកិច្ច និងសិក្សានៅការិយាល័យកណ្តាលនៃសារព័ត៌មាន Guangxi Daily ដែលជាសារព័ត៌មានល្បីប្រចាំខេត្តក្វាងស៊ី ប្រទេសចិន។
នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយ លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មាន The CC-Times ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគី Guangxi Daily ដឹកនាំដោយ លោក យ៉ាង ធៀន និពន្ធនាយករង នៃសារព័ត៌មាន Guangxi Daily និង លោក ម័រ យិនលី ប្រធានកិច្ចការអាស៊ានរបស់សារព័ត៌មាន Guangxi Daily។
នៅក្នុងជំនួបនោះ លោក ម័រ យិនលី ប្រធានកិច្ចការអាស៊ានរបស់សារព័ត៌មាន Guangxi Daily បានបង្ហាញអំពីប្រវត្តិសារព័ត៌មានរដ្ឋ Guangxi Daily ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៤៩ ហើយមានការរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាសារព័ត៌មានធំប្រចាំតំបន់។ លោកបានសម្តែងភាពរីករាយ និងស្វាគមន៍ចំពោះវត្តមានសារព័ត៌មានកម្ពុជា ក្នុងការទស្សនកិច្ចនៅការិយាល័យរបស់លោក។ ជាមួយគ្នានេះ លោកក៏បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងរឹងមាំរវាងប្រទេសទាំងពីរផងដែរ។
ចំណែក លោក ផ្លុង វិចិត្រ ក៏បានថ្លែងអំណរគុណចំពោះ សារព័ត៌មានរដ្ឋ Guangxi Daily ដែលបានសហការរៀបចំដំណើរទស្សនកិច្ចនេះ។ លោកចាត់ទុកថា ទស្សនកិច្ចនេះ ជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងសារព័ត៌មានប្រទេសទាំងពីរ ហើយជំរុញការផ្សព្វផ្សាយអំពីគ្នាទៅវិញទៅមក។
បន្ទាប់ពីនៅគ្រាដែលបញ្ចប់ទស្សនកិច្ចនេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា១៤រូប ត្រូវបានសារព័ត៌មាន Guangxi Daily ផ្តល់បណ្ណសរសើរជាភ្នាក់ងារកិត្តិយសប្រចាំអាស៊ាន។
សូមបញ្ជាក់ថា តំណាងអ្នកសារព័ត៌មាន Fresh News រួមទាំងអ្នកសារព័ត៌មានកម្ពុជាមកពីស្ថាប័នល្បីៗ ៨ស្ថាប័នផ្សេងទៀត បានបំពេញទស្សនកិច្ច រយៈពេល៥ថ្ងៃ នៅខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការប្រតិបត្តិការរវាងអ្នកសារព័ត៌មានប្រទេសទាំងពីរ។
ទស្សនកិច្ចនេះធ្វើឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបចំឡើងក្រោមកិច្ចសហការគ្នារវាង កាសែត The Commercial News និង Cambodia Guangxi Cloud ASEAN International Communication Station ដែលជាអង្គភាពចំណុះ Guangxi Daily៕