(ភ្នំពេញ)៖ សន្និសីទព្រះពុទ្ធសាសនាអន្តរជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅកម្ពុជា នារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមានអ្នកចូលរួមពីតំណាងប្រទេសចំនួន៣០។
សន្និសីទនេះត្រូវបានធ្វើឡើងនៅសាលប្រជុំ ទន្លេបាសាក់២ នារសៀល ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៦នេះ ក្រោមអធិបតីភាព សម្តេចព្រះមហា សុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះពោធិវង្ស អំ លឹមហេង សម្តេចព្រះវនរត្ន័ ណយ ច្រឹក លោក នរ រតន:វឌ្ឍនោ រដ្ឋលេខាធិការ តំណាង លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និង សាសនា រួមទាំង ថ្នាក់ដឹកនាំមួយចំនួនទៀត។
មន្រ្តីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា សន្និសីទព្រះពុទ្ធសាសនាអន្តរជាតិនេះ មានការ និមន្ត និងអញ្ជើញចូលរួមពីប្រទេសកាន់ព្រះពុទ្ធសាសនា ចំនួន ៣០ប្រទេស មានសមាជិកសរុបប្រមាណ ជាង ៧០០ អង្គ/នាក់ ។
កម្មវិធីនេះរៀបចំឡើងដោយអង្គការ ព្រះពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជាហើយមានគោលបំណង ដើម្បីពង្រឹងសុខដុមនីយកម្មព្រះពុទ្ធសាសនា រួមចំណែកពង្រឹងសុខសន្និភាពលើពិភពលោក៕