(រតនគីរី)៖ វាពិតជាកម្រមានណាស់ សម្រាប់ក្រុមហ៊ុនវិនិយោគឯកជន ដែលមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម ដោយបានផ្ដល់ប្រាក់កម្រៃដល់បុគ្គលិកកម្មកររបស់ខ្លួនហើយ ថែមទាំងគិតគូរដល់អនាគតកូនៗ របស់បុគ្គលិកកម្មកររបស់ខ្លួនបន្ថែមទៀត ជាក់ស្ដែងក្រុមហ៊ុនកសិកម្ម Thaco Agriculture ដែលកំពុងបណ្ដាក់ ទុនវិនិយោគនៅក្នុងខេត្តរតនគីរី បានសង់សាលារៀននៅក្នុងដីចំការរបស់ខ្លួន ដើម្បីឱ្យកូនៗរបស់កម្មករបានរៀនសូត្រជាមូលដ្ឋាន។
លោក ប្រាក់ កុសល ប្រធាននាយកដ្ឋានអប់រំកុមារតូច នៃក្រសួងអប់រំយុវជន និងកីឡា បានឲ្យដឹងថា ការចូលរួមពីដៃគូអភិវឌ្ឍន៍អង្គការ និងក្រុមហ៊ុនឯកជន ក្នុងការបង្កើតសាលា និងអប់រំកូមារតូចៗ នៅតាមបំបន់ដាច់ស្រយាល គឺជាការចូលរួមយ៉ាងធំមួយ ជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ពីព្រោះថា បើពឹងលើរដ្ឋាភិបាលទាំងស្រុង ប្រាកដណាស់ គឺមិនអាចវិនិយោគសាលា ទៅគ្រប់តំបន់ដាច់ស្រយាលឆ្ងាយៗ ពីទីប្រជុំជន ឬតំបន់ថ្មីៗ ដែលមនុស្សទើបតែចូលទៅរស់នៅនោះទេ។
លោកបន្តថា រាជរដ្ឋាភិបាលបានលើកទឹកចិត្ត ដល់ក្រុមហ៊ុនឯកជន ដៃគូអភិវឌ្ឍន៍នានា ក្នុងការបន្តសាងសង់សាលារៀនអប់រំកុមារតូចៗ ថ្នាក់មូលដ្ឋាននៅតំបន់ដាច់ស្រយាល ជាពិសេសលើកទឹកចិត្ត ដល់ក្រុមហ៊ុនឯកជន ដែលវិនិយោគនៅតំបន់ដាច់ស្រយាល បង្កើតសាលារៀន ដើម្បីអប់រំដល់កុមារតូចៗ ដែលជាកូនរបស់បុគ្គលិកកម្មកររបស់ខ្លួន អាចមានឱកាសក្នុងការចូលរៀន ។ បើសិនជាក្រុមហ៊ុន ឬស្ថាប័នបង្កើតសាលាហើយ មិនមានគ្រូសម្រាប់បង្រៀន គាត់អាចទៅពិភាក្សាជាមួយមន្ទីរអប់រំខេត្ត ដើម្បីឱ្យមន្ទីរចាត់ចែងរកគ្រូ ពីតំបន់ណាដែលលើស ទៅបំពេញបន្ថែមនៅតំបន់ដែលខ្វះខាតគ្រូ។
លោកបន្ថែមថា ការអប់រំកុមារតូចៗ នៅថ្នាក់ក្រោមៗ គឺពិតជាមានសារសំខាន់ណាស់ សម្រាប់ជាគ្រឹះដល់ពួកគាត់បន្តការសិក្សានៅថ្នាក់បន្តបន្ទាប់ ហើយបើសិនជាមូលដ្ឋានគ្រឹះរបស់គាត់មិនសូវរឹងមាំ ការសិក្សានៅថ្នាក់បន្តក៏អាចតាមមិនទាន់គេនោះដែរ ដូច្នេះគឺខាងក្រសួងក៏លើកទឹកចិត្តដល់ការអប់រំកុមារតាំងពីតូចៗឱ្យបានកាន់តែច្រើន ។
លោក សាន សុផា គ្រូបង្រៀន នៅសាលារបស់ក្រុមហ៊ុនThaco Agriculture បានឱ្យដឹងថា លោកបានបង្រៀននៅក្នុងក្រុមហ៊ុន Thaco រយៈពេល៣ឆ្នាំមកហើយ ដោយដំឡូងឡើយ លោកបង្រៀនតែក្មេងៗប៉ុន្មាននាក់ ដែលជាកូនរបស់កម្មករប៉ុណ្ណោះ ប៉ុន្តែក្រោយមកទៀតដោយក្រុមហ៊ុន បានមើលឃើញថាវាជាចក្ខុវិស័យល្អទើបក្រុមហ៊ុនបង្កើតជាសាលា និងសហការជាមួយអាជ្ញាធរស្រុកនិងខេត្ត ក្នុងការបណ្ដុះបណ្ដាលបង្រៀនកូនៗកម្មករកាន់តែច្រើនឡើងៗ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនThaco Agriculture ប្រចាំខេត្តរតនគីរី ក៏បានឱ្យដឹងផងដែរថា ទិសដៅរបស់ក្រុមហ៊ុនមិនមែនវិនិយោគ ដើម្បីប្រាក់ចំណេញប៉ុណ្ណោះ ការទទួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍធនធានមនុស្ស នៅក្នុងសង្គមក៏ជាគោលដៅរបស់ក្រុមហ៊ុនមួយដែរ ។ ក្រៅពីប្រាក់ខែផ្ដល់ជូនកម្មករ បុគ្គលិករបស់ខ្លួន ក្រុមហ៊ុនក៏បានផ្ដល់ជាកន្លែងស្នាក់នៅ សេវាថែទាំសុខភាពជូនបុគ្គលិកកម្មករ និងការផ្ដល់ការអប់រំឥតគិតថ្លៃដល់កូនៗរបស់កម្មករជាដើម ។
លោក ពុធ ផាន កម្មករចំការចេកនៅក្នុងក្រុមហ៊ុន Thaco Agriculture បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដែលបានមកធ្វើការក្នុងក្រុមហ៊ុននេះ ហើយថែមទាំងបានឱ្យកូនចូលរៀន ដោយឥតគិតថ្លៃទៀត ។ នៅពេលលោកចេញទៅធ្វើការ លោកក៏មានអារម្មណ៍កក់ក្ដៅ ព្រោះកូនបានចូលរៀនជាមួយលោកគ្រូអ្នកគ្រូ នៅសាលាក្បែរផ្ទះ ។
លោកបន្តថា គ្រូៗដែលបង្រៀនកូនរបស់គាត់ក៏មិនមែនចេះតែបង្រៀនឱ្យរួចៗនោះដែរ ។ កូនគាត់ទើបតែចូលរៀនទេប៉ុន្តែគេអាចសរសេរ ហើយទទួលបានពិន្ទុល្អពីគ្រូទៀត ដូច្នេះហើយលោកថានឹងបន្តធ្វើការនៅក្នុងក្រុមនេះបន្ថែមទៀត ពីព្រោះថាការងារក៏មិនពិបាក ហើយកូនបានចូលរៀនត្រឹមត្រូវដូចកូនៗគេដទៃទៀតងដែរ ៕