(បាត់ដំបង)៖ មូលនិធិម៉ាដក្សជូលីភីត (MJP) ដែលបង្កើតឡើងដោយតារ៉ាហូលីវូដ អេន ជីលីណា នៅឆ្នាំ២០០៣ និងពង្រីកសាខានៅកម្ពុជា ឆ្នាំ២០០៦ បានជួយដល់ប្រជាសហគមន៍នៅ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានរួមគ្នាចិញ្ចឹមឃ្មុំផលិតយកទឹកលក់រកប្រាក់ចំណូលបន្ថែម ដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារ។ ពួកគាត់ចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែម របស់បងប្អូនប្រជាពលរដ្ឋក្រៅពីធ្វើចំការដូចជាដាំទុរេន ដាំតាងែន សាម៉ាវជាដើម។

បើតាមលោក ឌុក ម៉េង ប្រធានសហគមន៍ព្រៃឈើភូមិកញ្ចាំង ស្រុកសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា សហគមន៍មួយនេះមានទំហំដី ៤០០ហិកតា ប្រជាសហគមន៍របស់លោកចាប់ផ្តើមចិញ្ចឹមឃ្មុំតាំងតែពីឆ្នាំ២០១៨មក។ ការចិញ្ចឹមសត្វឃ្មុំបានផ្តល់នូវអត្ថប្រយោជន៍ដល់សហគមន៍ ពីព្រោះថាក្រៅពីជួយបង្កាត់កេសរផ្លែឈើឱ្យជាប់ផ្លែច្រើនហើយ ទឹករបស់វាគេនៅអាចលក់រកប្រាក់កម្រៃ សម្រាប់ជួយលើកស្ទួយជីវភាពគ្រួសារទៀតផង។

ប្រធានអ្នកចិញ្ចឹមសត្វឃ្មុំរូបនេះ បានឱ្យដឹងថា «កាលពីមុនមកធុងដែលជាសំបុកសត្វឃ្មុំមានប្រមាណ១៨០ធុង តែនៅពេលបច្ចុប្បន្ននៅសល់ត្រឹម ៨០ធុង ឬ១០០ធុង ដោយសាររដូវក្តៅទើបកន្លងផុតទៅថ្មីៗមកនេះ។ ឃ្មុំទាំងនេះជាឃ្មុំចិញ្ចឹម យកពូជបង្កាត់មកពីប្រទេសអឺរ៉ុប។ ពីដើមឡើយដោយសារមូលនិធិ ម៉ាដក្សជូលីភីត បានបង្ហាត់បង្រៀនក្នុងការចិញ្ចឹមសត្វឃ្មុំឱ្យស្គាល់ពីតម្លៃនៃការចិញ្ចឹមឃ្មុំ។ នៅពេលចិញ្ចឹមក៏ចេះតែចង់ព្រោះជោគជ័យក៏រួមគ្នាចិញ្ចឹមរហូតមកដល់ពេលបច្ចុប្បន្នតែម្តង»

ដោយឡែក លោក ម៉ិល សាម៉េត ប្រធានគ្រប់គ្រងកម្មវិធីកសិកម្មនិងការចិញ្ចឹមឃ្មុំនៃមូលនិធិម៉ាកដក្សចូលីភីត បានឱ្យដឹងថា ការចិញ្ចឹមឃ្មុំមួយធុងបានផ្តល់ជាទឹកឃ្មុំ៥ ទៅ៧លីត្រ ដោយប្រើក្នុងចន្លោះពី១០ ទៅ១៤ថ្ងៃ ហើយអាចលក់ក្នុងមួយលីត្រ ៧ម៉ឺនរៀល។

លោកបានឱ្យដឹងថា៖ «មាន៣០គ្រួសារដែលចិញ្ចឹមឃ្មុំនេះពេលនេះជីវភាពគាត់ល្អប្រសើរបើធៀបកាលពីមិនទាន់ចិញ្ចឹមឃ្មុំ»

លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ប្រជាពលរដ្ឋបានចាប់ផ្តើមចិញ្ចឹមឃ្មុំក្នុងសហគមន៍ និងផ្គួបផ្សំជាមួយការបានចូលរួមរៀនជំនាញក្នុងការចិញ្ចឹមឃ្មុំផងធ្វើឱ្យពួកគាត់ទទួលបានជោគជ័យរហូតមកដល់ពេលបច្ចុប្បន្ន។

លោកបានបញ្ជាក់ថា សហគមន៍ក្រៅពីស្តារឡើងវិញនៃព្រៃឈើ តែក៏ជាផ្នែកមួយបង្កើនចំណីសម្រាប់សត្វឃ្មុំ ព្រោះថាសហគមន៍មួយ នេះប្រជាពលរដ្ឋបានចិញ្ចឹមឃ្មុំ ដែលជាមុខរបរបន្ថែមរបស់បងប្អូនប្រជាពលរដ្ឋក្រៅពីធ្វើចំការ។

ទាក់ទិនក្នុងការចិញ្ចឹមឃ្មុំនេះដែរ រដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការយូណេស្កូ និងព្រមទាំងជាមួយអង្គការដៃគូនានាផង បានកំពុងរៀបចំផែនទីបង្ហាញផ្លូវ និងរៀបចំផែនការជាតិសម្រាប់ការចិញ្ចឹមឃ្មុំប្រកបដោយនិរន្តភាព និងការអភិរក្សឃ្មុំព្រៃនៅកម្ពុជា។ សម្រាប់នៅកម្ពុជាមានឃ្មុំច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ទឹកឃ្មុំផ្តល់ផលប្រយោជន៍ច្រើនដល់ប្រជាសហគមន៍ក្នុងការរកផលកម្រៃបន្ថែមសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

លោក នេត្រ ភក្រ្តា បានបញ្ជាក់បន្ថែមថា៖ «ទឹកឃ្មុំក្រៅពីផ្តល់សារជាតិដល់សុខភាពរាងកាយហើយ គេនៅជឿជាក់ថាផ្តល់នូវឱសថសម្រាប់ព្យាបាលរោគជំងឺផងដែរ។ ទឹកឃ្មុំមាន២ប្រភេទមួយមកពីព្រៃធម្មជាតិ និងមួយទៀតបានមកពីឃ្មុំចិញ្ចឹម»

តាមការសិក្សាពីក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ពាណិជ្ជកម្មអន្តរជាតិលើផលិតផលទឹកឃ្មុំនេះ មានតម្លៃជាទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២១ មានជាង ៨ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២កន្លងមក ត្រូវបានគេដឹងថា បានបន្តការកើនឡើងដល់ជាង ១១ពាន់លានដុល្លារ។ ក្នុងនោះដែរ ប្រទេសដែលនាំចេញទឹកឃ្មុំធំៗរបស់ពិភពលោក រួមមាន៖ ណូវែលហ្សឺឡង់, ចិន, អាហ្សង់ទីណា, អាល្លឺម៉ង់ និងអ៊ុយក្រែន។ ខណៈដែលប្រទេសនាំចូលទឹកឃ្មុំច្រើនជាងគេរួមមាន៖សហរដ្ឋអាមេរិក, អាល្លឺម៉ង់,ជប៉ុន,បារាំង និងចក្រភពអង់គ្លេស៕