(បាត់ដំបង)៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានបន្តជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យបានយល់អំពីច្បាប់ សារៈសំខាន់របស់ព្រៃឈើ សត្វព្រៃ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ។
លោកបានថ្លែងថា ការយល់ដឹងនេះហើយ ជារបងការពារដ៏មាំទាំសម្រាប់ធនធានធម្មជាតិរបស់យើង។
ការជំរុញបែបនេះរបស់លោក នេត្រ ភក្ត្តា បានធ្វើឡើងក្នុងពិធីចុះជួបសំណេះសំណាល ជាមួយមន្រ្តីឧទ្យានុរក្សប្រចាំការនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ស្ថិតស្រុកសំឡូត ខេត្តបាត់ដំបង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។
លោករដ្ឋលេខាធិការ បានឱ្យដឹងថា នៅកម្ពុជាមានតំបន់ការពារធម្មជាតិចំនួន៧៦ ដែលក្នុងនេះមានរបៀងអភិរក្សជីវចម្រុះចំនួន៣ ហើយតំបន់ការពារធម្មជាតិចំនួន៧៣ ដែលមានផ្ទៃដីចំនួន៧លាន ៣សែនហិកតា ហើយក្នុងចំណោមផ្ទៃដីនេះគឺមានទំហំធំណាស់បើធៀបនឹងកម្លាំងមន្រ្តីឧទ្យានុរក្សរដែលឈរជើងមានត្រឹមតែ១,២០០នាក់។ ដូចយើងបានដឹងហើយថាកម្លាំងមួយចំនួនចូលនិវត្ត ហើយមួយចំនួន បោះបង់ការងារ ប៉ុន្តែពុំមានការបញ្ចូលកម្លាំងបន្ថែម ដែលជាមូលហេតុធ្វើឱ្យកម្លាំងការពារព្រៃឈើ និងសត្វព្រៃមានកម្លាំងមិនគ្រប់គ្រាន់។
បើតាមការសិក្សា គឺមន្រ្តីឧទ្យានុរក្សម្នាក់ គ្រប់គ្រងតំបន់ការពារធម្មជាតិ ៦,០០០ហិកតាជាង។ ដូចដែលយើងដឹងហើយថាសម្រាប់ផ្ទៃដីរបស់យើងមានទំហំ ធ្វើឱ្យផ្តល់ឱកាសឱ្យក្រុមជនល្មើសមួយចំនួន អាចបង្កើតនូវបទល្មើសធនធានធម្មជាតិ ដែលទាមទារឱ្យមន្រ្តីឧទ្យានុរក្សបង្កើនការយកចិត្តទុកដាក់ និង បង្កើនកិច្ចការពារ បទល្មើសធនធានធម្មជាតិយើងបន្តទៀត ក្នុងនាមយើងមានមន្រ្តីនគរបាលយុត្តិធម៌។
ជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា៖ «កម្លាំងយើងតិច ហេតុនេះយើងត្រូវពង្រឹងរបងការពារនេះសំដៅទៅលើតួនាទីរបស់ប្រជាសហគមន៍ដែលនៅជុំវិញតំបន់ការពារធម្មជាតិរបស់យើង»។
លោក នេត្រ ភក្រ្តា បានបន្ថែមដែរថា ក្នុងក្របខ័ណ្ឌគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាទាំងមូល ដែលបានខិតខំការពារព្រៃនេះ គឺអនុវត្តនូវវិធានការចំនួន២តំណាលគ្នា គឺវិធានការទី១៖ ការអនុវត្តច្បាប់ ទី២៖ វិធានការសេដ្ឋកិច្ចពោល គឺធ្វើឱ្យប្រជាសហគមន៍មានជីវភាពធូរធា ដោយមានរបរចិញ្ចឹមជីវិតយ៉ាងត្រឹមត្រូវ។ វិធានការទាំង២នេះ ដើរទន្ទឹមគ្នាដោយពង្រឹងទៅលើកិច្ចការពារអភិរក្សធនធានធម្មជាតិរបស់យើង។
អ្នកនាំពាក្យរូបនេះ បានលើកទឹកចិត្តឱ្យមន្រ្តីឧទ្យានុរក្សត្រូវខិតខំប្រឹងប្រែ ហើយត្រូវតែបំពេញការងារយកចិត្តទុកដាក់ពីព្រោះថា វាជាអនាគតរបស់មន្ត្រីឧទ្យានុរក្ស មានប្រាក់សោធននិវត្ត។ ហើយលែងកាប់ឈើដើម្បីលុយហើយ តែយើងរក្សាឈើឈរដើម្បីរកចំណូលវិញពោល គឺយើងរកចំណូលតាមរយៈឥណទានកាបូន គឺការលក់តួនាទីរបស់ឈើមានន័យថា ឈើស្រូបយកឧស្ម័នកាបូនិច បញ្ចេញមកវិញនូវអុកស៊ីសែន ដែលជាខ្យល់ដកដង្ហើមរបស់យើង។ បរទេសគេទិញពីកម្ពុជា ដើម្បីបានលុយមកពង្រឹង និងអភិរក្សធនធានធម្មជាតិ ដូច្នេះត្រូវការពារឱ្យបាននៅសំឡូតនេះ ដើម្បីអាចមានលទ្ធភាពលកលឥណទានកាបូន ក្រៅពីនេះបើការពារព្រៃបានក៏អាចស្រូបទាញទេសចរណ៍តាមរយៈធនធានធម្មជាតិទាំងនេះ។
លោកបានជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវតែចូលរួមដោះអន្ទាក់ តាមព្រៃភ្នំដើម្បីការពារសត្វព្រៃ និងក៏ដូចជាការពារព្រៃឈើសម្រាប់ប្រជាសហគមន៍ ក៏ដូចជាពលរដ្ឋកម្ពុជាទាំងមូលផងដែរ៕