(បាត់ដំបង)៖ ក្នុងបេសកកម្មបម្រើការងារជាមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ចាប់តាំងពីឆ្នាំ២០១៧ មកដែលមានរយៈពេល៨ឆ្នាំ កញ្ញា អ៊ុំ ស៉ីនួន ប្រចាំការនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ខេត្តបាត់ដំបង បានបញ្ជាក់ជំហរថា ទោះជាការងារចុះល្បាតជួបនឹងឧបសគ្គជាច្រើន ក៏មិនអាចរារាំងសកម្មភាពការពារធនធានធម្មជាតិជាដាច់ខាត។

ថ្លែងប្រាប់ក្នុងអ្នកសារព័ត៌មានក្នុងដំណើរចុះសិក្សាស្វែងយល់នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ កញ្ញា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលំបាកក្នុងការងារអភិរក្សធនធានធម្មជាតិមានការលំបាក ប៉ុន្តែ បើយើងអត់ចូលរួមទាំងអស់គ្នាទេ ការកាប់បំផ្លាញ ការកាប់ទន្ទ្រានព្រៃឈើនឹងបន្តទៅមុខទៀត។ នាងខ្ញុំមានការប្តេជ្ញាចិត្តជាខ្លាំងចំពោះការការពារធនធានធម្មជាតិ នៅតំបន់ការពារ នាងខ្ញុំប្តេជ្ញាកិច្ចការពារនេះបន្តទៀត»។

ជាមួយគ្នានេះដែរ កញ្ញាស៉ីនួន ក៏បានបង្ហាការព្រួយបារម្ភផងដែរ ចំពោះកត្តាប្រឈមមួយចំនួនដែលប៉ះពាល់ដល់ខ្លួនក្នុងនាមជាស្ត្រីមួយរូប នៅពេលបំពេញបេសកកម្មក្នុងតំបន់ការពារធនធានធម្មជាតិ។

កញ្ញាបានអះអាងថា៖ «អត់មានការរុញរា ឬមានបំណងចង់លាឈប់ពីការងារជាមន្ត្រីឧទ្យានុរក្សនោះទេ ទោះបីជួបការលំបាកមួយចំនួនក៏ដោយ»។

ក្នុងនាមជាមន្ត្រីឧទ្យានុរក្ស កញ្ញា អ៊ុំ ស៉ីនួន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមទាំងអស់គ្នាការពារ និងចេះស្រឡាញ់ធនធានធម្មជាតិ ដើម្បីឱ្យគំរបព្រៃឈើនៅស្ថិតស្ថេរគង់វង្ស។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះក្រសួងបរិស្ថាន មានមន្ត្រីឧទ្យានុរក្សប្រមាណ១២០០នាក់ ដែលកំពុងបំពេញភារកិច្ចលើផ្ទៃដីប្រមាណ ៧លាន ៥សែនហិកតា នៅទូទាំងប្រទេស។ ក្នុងដំណើរការបំពេញបេសកកម្មដ៏ធំនេះក្រុមមន្ត្រីឧទ្យានុរក្សបានជួយសង្គ្រោះសត្វព្រៃរាប់ពាន់ក្បាល ដែលត្រូវបានក្រុមទុច្ចរិតជួញដូរ និងបានបង្ក្រាបសកម្មភាពបរបាញ់ខុសច្បាប់ និងការរុករាន កាប់បំផ្លាញព្រៃឈើជាច្រើនករណី៕