(កំពង់ចាម)៖ ស្លាកគណបក្សភ្លើងទៀន ត្រូវបានសកម្មជន និងអ្នកគាំទ្រ ផ្តួលចោលជាបន្តបន្ទាប់ ក្រោមហេតុផលអស់ជំនឿ និងការស្អប់ខ្ពើមចំពោះនយោបាយជ្រុលនិយម។
ស្លាកបក្សភ្លើងទៀន ដែលត្រូវផ្តួលចោលនៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិច្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោក ជឹម អុល មានអាយុ៥៥ឆ្នាំ និងប្រពន្ធឈ្មោះ ហាត់ អូន រួមនឹងសកម្មជនបក្សភ្លេីងទៀនចំនួន៣នាក់ទៀត មានឈ្មោះ វ៉ន វីន អាយុ ៥៦ឆ្នាំ លោកស្រី អ៉ិន ស្រេង អាយុ៥៧ឆ្នាំ និងលោកស្រី វ៉ន អេងស៊ន់ អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិច្រេស ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺជាអ្នកគាំទ្រដ៏មុះមុតទៅលើគណបក្សភ្លើងទៀន ហើយបានរួមចំណែកធ្វើសកម្មភាពជួយដល់គណបក្សប្រឆាំងមួយនេះ។
តែពេលនេះ ពួកគេបានអស់ជំនឿចំពោះថ្នាក់ដឹកនាំបក្សនេះ ហើយក៏បាននាំគ្នាផ្តួលស្លាកបក្សចោលតែម្តង។ លោក ជឹម អុល បញ្ជាក់ថា លោកអស់ជំនឿនឹងការដឹកនាំរបស់មេបក្សភ្លេីងទៀនហើយ។ ជាពិសេសទណ្ឌិត សម រង្ស៉ី មេដឹកនាំស្រមោលបក្សមួយនេះ ដែលតែងតែសាបព្រោះនយោបាយជ្រុលនិយមបំបែកបំបាក់ជាតិ៕
https://www.facebook.com/freshnewsasia/videos/173398409038748