(តាកែវ)៖ លោកស្រីបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគីរីវង្ស ខេត្តតាកែវ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃអំពក បានជំរុញឱ្យសិស្សានុសិស្ស មានទម្លាប់អានជាប្រចាំ ដើម្បីបង្កើនបញ្ញា និងជំរុញឲ្យសិស្សមួយនាក់លេងកីឡាមួយមុខ។

លោកស្រីបណ្ឌិត កុយ ពិសី បានលើកឡើងបែបនេះ ក្នុងឱកាស លោកស្រី ដឹកនាំក្រុមការងារ នាំយកសៀវភៅអំណាន សម្ភារៈកីឡា និងឧបករណ៍ក្មេងលេង ចែកជូនសិស្សានុសិស្ស​សាលាបឋមសិក្សា និងអនុវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែនតាមួង ស្ថិតនៅឃុំព្រៃអំពក ស្រុកគិរីវង្ស ខេត្តតាកែវ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ។

លោកស្រីបណ្ឌិត បានលើកឡើងថា សៀវភៅអំណានមានសារសំខាន់ណាស់ សម្រាប់ជួយផ្តល់ជាគំនិតស្មារតីដល់សិស្សានុសិស្ស ធ្វើឱ្យពួកគេមានបញ្ញាល្អ គំនិតល្អ ដែលជាមធ្យោបាយឈានទៅរកភាពជោគជ័យក្នុងការសិក្សា និងក្នុងជីវិតរស់នៅ។ លោកស្រី បន្ថែមថា ដូច្នេះសិស្សានុសិស្ស ត្រូវខិតខំបង្កើតសកម្មភាពតាមរយៈការអាន ដើម្បីឱ្យក្លាយទៅជាទម្លាប់ ដើម្បីក្លាយទៅជាធនធានដ៏ប្រសើរសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និងប្រទេសជាតិនាថ្ងៃអនាគត។

នៅក្នុងឱកាសនោះ លោកស្រីបណ្ឌិត កុយ ពិសី ក៏បាននាំយកបច្ច័យប្រគេនព្រះសង្ឃ ចំនួន២២អង្គ និងតាជី យាយជីប្រមាណជា ១០០នាក់ និងចូលរួមបច្ច័យមួយចំនួនដើម្បីកសាងវត្តទាំងបីក្នុងឃុំផងដែរ៕