(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់សភាពាណិជ្ជកម្ម អង្គភាពមន្ទីរ និងស្ថាប័នជុំវិញរាជធានី-ខេត្ត មន្ទីរពាណិជ្ជកម្ម ស្ថាប័នអយ្យការអមសាលាឧទ្ធរណ៍ និងសាលាដំបូង សិស្ស-និស្សិត និងមន្រ្តីសាខា ក.ប.ប. តាមបណ្ដារាជធានី-ខេត្តទាំង២៥ សរុបប្រមាណ១២០០នាក់។

សិក្ខាសាលានេះ ជាវេទិកាមួយដែលមិនត្រឹមតែជាការជួបជុំដើម្បីផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹងផ្នែកច្បាប់ដល់ភាគីពាក់ព័ន្ធ រួមមានធុរជន អ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ប៉ុណ្ណោះទេ តែនៅជាវេទិកានៃការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ សំដៅជំរុញឱ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ក្នុងអង្គសិក្ខាសាលា វាគ្មិនដែលអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. បានបកស្រាយអំពីខ្លឹមសារនៃច្បាប់ គោលការណ៍និងអត្ថប្រយោជន៍ នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ដោយរួមទាំងការបង្ហាញអំពីបទល្មើសនិងទណ្ឌកម្ម ដែលបញ្ញត្តិដោយច្បាប់និងបទប្បញ្ញត្តិផងដែរ។

ក្រៅពីច្បាប់ទាំង៣ ដូចបានជម្រាបជូនខាងលើ អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងអនុក្រឹត្យស្តីពីលក្ខខណ្ឌនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក៏ត្រូវបានលើកយកមកពិភាក្សានិងផ្សព្វផ្សាយផងដែរ សំដៅសំដៅធ្វើយ៉ាងណា ជំរុញឱ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់និងសុចរិត ការពារផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពរបស់អ្នកប្រើប្រាស់។

សូមបញ្ជាក់ថា ដូចសិក្ខាសាលានៅជុំទី១ ឆ្នាំ២០២២ដែរ ក្នុងឆ្នាំ២០២៣នេះ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ត្រូវបានរៀបចំទ្បើងចំនួន ៦លើក តាមចង្កោមរាជធានី-ខេត្តនៅទូទាំងប្រទេស រួមមាន៖

* លើកទី១ ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តកែប ដោយមានការចូលរួមពីខេត្តកែប ខេត្តកំពត ខេត្តតាកែវ និងរាជធានីភ្នំពេញ។

* លើកទី២ ថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ។

* លើកទី៣ ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

* លើកទី៤ ថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ។

* លើកទី៥ ថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ដោយមានការចូលរួមពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង។

* លើកទី៦ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយទាំងនេះ អគ្គនាយកដ្ឋាន ក.ប.ប. សង្ឃឹមយ៉ាងមុតមាំថា កម្រិតនៃការយល់ដឹងរបស់ធុរជនពាក់ព័ន្ធបទប្បញ្ញត្តិទាំងនេះនឹងមានការកើនទ្បើង ព្រមទាំងអាចចៀសផុតពីហានិភ័យផ្សេងៗចំពោះការបំពានច្បាប់និងបទប្បញ្ញត្តិនានា ដែលអាចកើតទ្បើងជាយថាហេតុ។

ក្នុងករណីសាធារណជនឬធុរជនឬភាគីពាក់ព័ន្ធ មានចម្ងល់ណាមួយពាក់ព័ន្ធនឹងបទប្បញ្ញត្តិខាងលើ អាចទាក់ទងតាមរយៈហ្វេសបុករបស់អគ្គនាយកដ្ឋាន ក.ប.ប. ឬតាមរយៈលេខទូរស័ព្ទ៖ ០២៣ ២៣១ ៨៥៦ និង ០៩២ ៨៣០ ៨៥៦៕