(ភ្នំពេញ)៖ ក្រុមនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ២០០នាក់ ដឹកនាំដោយលោក ថេត កក្កដា អនុប្រធានដេប៉ាតឺម៉ង់ នីតិសាស្រ្ត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ បានចុះទស្សនកិច្ចសិក្សាស្វែងយល់អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ
ដំណើរទស្សនកិច្ចសិក្សានេះដែរ ធ្វើឡើងក្នុងគោលបំណងដើម្បីឱ្យនិស្សិតសិក្សាស្វែងយល់ពី ប្រវត្តិ បេសកកម្ម រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរនីតិកម្ម ព្រមទាំងចំណុចសំខាន់ៗ ជាច្រើនទៀតដែលស្ថាប័នមួយនេះ បានបំពេញនៅក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។
លើកឡើងនាឱកាសនោះលោក ថេត កក្កដា បានបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជារៀងរាល់ឆ្នាំតែងតែដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅតាមក្រសួង ស្ថាប័ន នានា ក្នុងគោលបំណងផ្សាភ្ជាប់ការសិក្សាទ្រឹស្ដីទៅនឹងការអនុវត្តជាក់ស្ដែងដើម្បីជាប្រយោជន៍ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ បន្ថែមទៀតដល់និស្សិត។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរក៏មានការធ្វើបទបង្ហាញដោយលោក ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាព និងមានខ្លឹមសារនៃការធ្វើបទបង្ហាញរួមមាន៖ ១៖ ប្រវត្តិរបស់ព្រឹទ្ធសភា ២៖ តួនាទីនិងភារកិច្ចរបស់ព្រឹទ្ធសភា ៣៖ ភាពប្លែកគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា និង៤៖ តួនាទី និងភារកិច្ចរបស់ក្រុមសមាជិកព្រឹទ្ធសភានៅតាមមណ្ឌលភូមិភាគ។ ទាក់ទងនឹងប្រវត្តិរបស់ព្រឹទ្ធសភា លោកក៏បានលើកឡើងអំពីប្រវត្តិតាំងពីប្រទេសកម្ពុជាមិនទាន់មានរដ្ឋធម្មនុញ្ញលើកទី១ រហូតដល់មានរដ្ឋធម្មនុញ្ញជាបន្ដបន្ទាប់។
លោក ម៉ែន ស៊ីផាន់ បានឱ្យដឹងថា ស្ថាប័នព្រឹទ្ធសភា ត្រូវបានបង្កើតឡើងក្រោយពីកិច្ចប្រជុំរវាងគណបក្សនយោបាយទាំងពីរ នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ១៩៩៨។ ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩។ សមាជិកព្រឹទ្ធសភា មានចំនួនយ៉ាងច្រើនស្មើនឹងពាក់កណ្ដាលនៃចំនួនសមាជិករដ្ឋសភា ដែលសមាជិកខ្លះកើតឡើងដោយការចាត់តាំងការជ្រើសតាំង និងការបោះឆ្នោតជាអសកល។ ចំពោះតួនាទីរបស់ព្រឹទ្ធសភាវិញ គឺរួមមាន៖ មុនងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារតំណាង។
ដោយឡែកភាពខុសគ្នា រវាងរដ្ឋសភា និងព្រឹទ្ធសភា មានលើប្រភព (សមាជិកព្រឹទ្ធសភាកើតពីការតែងតាំងខ្លះ រីឯសមាជិករដ្ឋសភាកើតឡើងពីការបោះឆ្នោតជាសកល) ភាពជាតំណាង (សមាជិកព្រឹទ្ធសភាតំណាងឱ្យក្រុមប្រឹក្សាឃុំសង្កាត់ រីឯសមាជិករដ្ឋសភាតំណាងឱ្យប្រជាពលរដ្ឋទូទៅ)អំណាច ជាដើម។ ចំពោះតួនាទីរបស់ក្រុមសមាជិកព្រឹទ្ធសភានៅតាមមណ្ឌលភូមិភាគវិញ គឺតំណាងការពារសិទ្ធិ និងផលប្រយោជន៍ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជួយការងារសង្គម និងការអភិវឌ្ឍក្នុងភូមិភាគរបស់ខ្លួន៕